(ភ្នំពេញ)៖ កងពលតូចថ្មើរជើងលេខ៧០ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ រៀបចំការប្រឡងជ្រើសរើសយោធិនឆ្នើម ដែលមានសមត្ថភាពផ្នែកចំរៀងប្រចាំឆ្នាំ២០១៧។ ពិធីនេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរង តំណាងលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៧០។
លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ បានលើកឡើងថា គោលបំណងរកយោធិឆ្នើម ដែលមានសមត្ថភាពខាងច្រៀង ដើម្បីបង្ហាញពីសមត្ថភាពរបស់យោធិននៅកងពលតូចថ្មើរជើងលេខ៧០ ដែលមិនត្រឹមតែមានជំនាញជាអ្នកប្រយុទ្ធ ភារកិច្ចការពាររាជរដ្ឋាភិបាល ក៏ដូចជា សន្តិសុខ សុវត្ថិភាព រាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែចូលរួមចំណែកក្នុងការលើកស្ទួយ សិល្បៈវប្បធម៌ផងដែរ។
សម្រាប់ការប្រឡងជម្រុះនេះ គណៈកម្មការ៥រូបដែលបានចូលរួមដាក់ពិន្ទុគឺ លោក ឡេង ប៊ុនណាត, កញ្ញា ឈួន សុវណ្ណឆៃ, កញ្ញា ស៊ីវ ពុទ្ធារី, កញ្ញា ជុន វិជ្ជរី និងលោក សុទ្ធ សុគុន្ធារិទ្ធ។
សូមជម្រាបថា បេក្ខជនជាយោធិនដែលចូលរួមប្រឡងនេះមាន៦១នាក់ និងត្រូវជម្រុះសល់ត្រឹមតែ២៧នាក់ ដើម្បីបន្ដឡើងទៅវគ្គផ្ដាច់ព្រ័ត្រ៕