(ភ្នំពេញ)៖ លោកស្រី Eva Nguyen-Binh ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជាថ្មី ដែលទើបចូលកាន់តំណែង បានថ្លែងថា រដ្ឋាភិបាលបារាំង បានកោតសរសើរជាខ្លាំងសម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤នេះ។ លោកស្រីថា ការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ និងមានការចូលរួមបោះឆ្នោតយ៉ាងច្រើនពីប្រជាពលរដ្ឋខ្មែរ។
ការកោតសរសើរនេះ បានធ្វើឡើងក្នុងពេលដែលលោកស្រី Eva Nguyen-Binh បានអញ្ជើញចូលជួបសម្តែងការគួរសម និងសំណេះសំណាលជាមួយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ។
ក្នុងឱកាសជួបសំណះសំណាលនេះ លោកស្រី Eva Nguyen-Binh បានបង្ហាញនូវការចាប់អារម្មណ៍ខ្ពស់ ចំពោះការបោះឆ្នោតនៅកម្ពុជាកន្លងទៅនេះ។ នេះបើតាមការបញ្ជាក់របស់លោក ឈីវ យីស៊ាង អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថ្លែងប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួប។
បើតាមលោក ឈីវ យីស៊ាង បានគូសបញ្ជាក់ថា ក្នុងជំនួបនោះ លោកស្រី Eva Nguyen-Binh បានថ្លែងថា ការបោះឆ្នោតនោះ មានរបៀបរបបល្អ មានភាពស្ងប់ស្ងៀម និងមានសន្ដិភាព ជាពិសេសគឺជាការបោះឆ្នោតមួយ ដែលបង្ហាញពីដំណើរការពង្រឹងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។
លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន ក៏បានបញ្ជាក់ពីដំណើរការនៃការធ្វើកំណែទម្រង់ទៅលើប្រព័ន្ធបោះឆ្នោតនៅកម្ពុជា និងជាការធ្វើកំណែទម្រង់កើតចេញព្រមព្រៀងរបស់គណបក្សនយោបាយមានអាសនៈនៅក្នុងរដ្ឋសភា។
ក្នុងជំនួបនាព្រឹកមិញនេះ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន និងលោកស្រី Eva Nguyen-Binh បានបង្ហាញពីឆន្ទៈក្នុងការពង្រឹងពង្រីកនៃទំនាក់ទំនងប្រទេសទាំងពីរ ក៏ដូចជាការជំរុញទំហំពាណិជ្ជកម្មឲ្យកាន់តែធំធាត់ថែមទៀតផងដែរ៕