(ភ្នំពេញ)៖ កងពលតូចថ្មើរជើងលេខ៧០ នៅរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧នេះ បានរៀបចំការប្រកួតប្រជែង ស្វែងរកយោធិនមានសមត្ថភាព ផ្នែកសម្តែងសិល្បៈកំប្លែង បង្កប់ដោយការអប់រំ។ ពិធីនេះត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចថ្មើរលេខ៧០ និងមានការចូលរួមពីមេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានជាច្រើននាក់ផងដែរ។
ការប្រកួតនេះបានធ្វើឡើង ក្នុងគោលបំណងដើម្បីពង្រឹងសមត្ថភាពបន្ថែម របស់កងកម្លាំងជំនាញ លើកិច្ចការការពាររាជរដ្ឋាភិបាលស្របច្បាប់ ក៏ដូចជា សន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋទូទាំងប្រទេស។ កងពលតូចលេខ៧០ ក៏បានអញ្ជើញ មេប្រយោគចាំវិនិច្ឆ័យ និងដាក់ពិន្ទុ ដោយតារាកំប្លែងជើងចាស់ ប្រចាំនៅកម្ពុជា មានដូចជាលោក ជួង ជី ហៅនាយកុយ និងលោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅនាយក្រឹម ដែលពួកគាត់សុទ្ធតែមានបទពិសោធន៍ច្រើនឆ្នាំ។
លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានលើកឡើងថា ការប្រលងកំប្លែងរឿងខ្លីៗ សំដៅឲ្យកងយោធពលខេមរៈភូមិន្ទ និយាយជារួម ពិសេសសម្រាប់កងពល ចេះមិនត្រឹមតែជំនាញ អាជីពជាអ្នកប្រយុទ្ធ ដែលមានភារកិច្ចការពាររាជរដ្ឋាភិបាល ក៏ដូចជា សន្តិសុខ សុវត្ថិភាព រាជធានីភ្នំពេញប៉ុណ្ណោះទេ ប៉ុន្តែចូលរួម ចំណែកក្នុងការលើកស្ទួយ សិល្បៈវប្បធម៌ផងដែរ។
ការប្រកួតយោធិន ពូកែសម្តែងកំប្លែងរឿងខ្លីៗ បង្កប់ដោយអត្ថន័យអប់រំ ប្រចាំឆ្នាំ២០១៧នេះ មានចំនួន៥ក្រុម ដែលចូលរួមសម្តែង រួមមានកងអនុសេនាធំ ទ័ពពិសេសលេខ៣, កងអនុសេនាធំទ័ពពិសេសលេខ១, ក្រុមពន្លត់អគ្គីភ័យ, ក្រុមសង្គ្រោះបន្ទាន់ ៧១១ និងកងអនុសេនាធំបន្ទាយស្រី ដែលបានបញ្ចេញសមត្ថភាពរបស់ខ្លួន ដើម្បីស្វែងរកម្ចាស់ជ័យលាភី។
ជាចុងក្រោយ លទ្ធផលក្រុមដែលបានជ័យលាភីក្នុងការប្រឡងលើកនេះ គឺក្រុមសង្គ្រោះពន្លត់អគ្គីភ័យ សម្តែងរឿងមួយដែរមានចំណងជើងថា «នេះឬកូនខ្ញុំ»៕