(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ ភាពមិនប្រក្រតី លើករណីមានប្រជាពលរដ្ឋ នាំគ្នាឡើងទៅលើភ្នំឧទ្យានជាតិគិរីរម្យ ចាប់ទន្រ្ទាយយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិរៀងៗខ្លួន នៅចំណុចភូមិថ្មី ចំណុចចំការតែ និងចំណុចអូរកសេះ ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្នុងដែនឧទ្យានជាតិព្រះសុរាម្រិតកុសមៈ (គិរីរម្យ) តែម្តង។
តាមដំណឹងដែលលោកអភិបាលខេត្តទទួលបាននោះ គឺប្រជាពលរដ្ឋដែលឡើងទៅកាប់ទន្ទ្រាបដីព្រៃខុសច្បាប់ ពួកគាត់បានធ្វើ ចំណាកស្រុក មកពីតំបន់ផ្សេងក្នុងខេត្តកំពត កំពង់ស្ពឺ កំពង់ចាម និងខេត្តកណ្ដាល។
បន្ទាប់ពីរការត្រួតពិនិត្យ លោកបានបន្តដំណើរចុះទៅត្រួតពិនិត្យនៅតំបន់គីឡូម៉ែត្រលេខ១០៤-១០៩ ដែលមានប្រជាពលរដ្ឋទៅទន្រ្ទាយ យកដីរបស់រដ្ឋ រស់នៅយ៉ាងអាណាធិបតេយ្យផងដែរ។ ចំពោះករណីទាំងនេះ ក្រុមការងារបាន និងកំពុងធ្វើការអង្កេតសិក្សាស្រាវជ្រោវ និងចាត់វិធានការដោះស្រាយជាបន្តបន្តាប់។
ទន្ទឹមគ្នានោះ លោក វ៉ី សំណាង បានសុំឲ្យបងប្អូនប្រជាពលរដ្ឋបញ្ឈប់សកម្មភាព រុករានទន្ទ្រានយកដីរដ្ឋធ្វើជាកម្មសិទ្ធិរបស់ខ្លួនបន្តទៀត ព្រោះជាសកម្មភាពខុសច្បាប់ និងត្រូវប្រឈមមុខនឹងទោសទណ្ឌថែមទៀត៕