(ស្ទឹងត្រែង)៖ វគ្គសិក្ខាសាលាស្តីពីសុខភាពនគរបាល នៅស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង បានធ្វើឡើងក្រោមការយកចិត្តទុកដាក់ របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រយៈពេល២ថ្ងៃនៅថ្ងៃទី១៣-១៤ ខែកក្កដា ឆ្នាំ២០១៧ ក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក សម តារា អគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ។
លោកឧត្តមសេនីយ៍ត្រី ស្រី សុវណ្ណា ស្នងការរងទទួលផែនភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង បានថ្លែងថា «ចំពោះសិក្ខាសាលាស្តីពី សុខភាពនគរបាល ដែលនិងបានប្រព្រឹត្តទៅពិតជាមានសារៈសំខាន់ក្រៃលែងសំរាប់ កងកម្លាំងនគរបាលយើង»។
លោកឧត្តមសេនីយ៍ត្រី ស្រី សុវណ្ណា បានបន្តទៀតថា សុំឲ្យមន្រ្តីនគរបាលទាំងអស់យកចិត្តទុកដាក់នូវអនុសាសន៍ ដែលបានណែនាំ បើទោះបីក្នុងរយៈពេលខ្លីក៏ដោយ តែជាបទពិសោធន៍ដ៏មានអត្ថន័យយ៉ាងសំខាន់ ដល់យើងទាំងអស់គ្នា ហើយក៏ជាពេលវេលាដ៏មានតម្លៃ សំរាប់យើងទាំងអស់គ្នា ដើម្បីក្រេបជញ្ជក់ជាមេរៀន និងយកជាបទពិសោធន៍ក្នុងការថែទាំ និងការពារសុខភាពដល់មន្ត្រីនគរបាលយើង ហើយនិងមានមូលដ្ឋានសំរាប់យកទៅអនុវត្ត និងផ្សព្វផ្សាយដល់កងកម្លាំងគ្រប់អង្គភាព សំដៅធានាឲ្យកងកម្លាំងគ្រប់រូបមានសុខភាព រឹងប៉ឹង មាំមួន និងបំពេញភារកិច្ចបានល្អប្រសើរ។
ថ្លែងនៅក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក សម តារា អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានថ្លែងថា «យើងបានដឹងហើយថា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អាទិភាពនៃវិស័យសុខាភិបាល បានដាក់ចេញជាយុទ្ធសាស្រ្ត សំរាប់ដំណាក់កាលទី៣ ក្នុងចតុកោណទី៤ ការកសាងសមត្ថភាព និងការអភិវឌ្ឍន៍ធនធានមនុស្ស បានសង្កត់ធ្ងន់ពីការលើកកម្ពស់សុខភាព និងអាហាររូបត្ថមដែលទាក់ទងទៅនិងបញ្ហាសុខាភិបាល»។
ឆ្លើយតបចំពោះគោលនយោបាយនេះ រាជរដ្ឋាភិបាលនិងឈរលើឆន្ទះ នៃការទទួលខុសត្រូវប្រកបដោយចក្ខុវិស័យយ៉ាងវែងឆ្ងាយ សំរាប់ការងារសន្តិសុខជាតិ សង្គមជាតិសណ្តាប់ធ្នាប់សាធារណៈសម្តេចក្រឡាហោម ស ខេង បានចង្អុល និងតម្រង់ទិសដល់ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ធ្វើការដាក់ចេញនូវទិសដៅ យុទ្ធសាស្រ្ត សំរាប់ការងារសុខាភិបាលពង្រឹងសុខភាពដល់កងកម្លាំង នគរបាលជាតិ តាមបណ្តាររាជធានីខេត្ត ពិសេសអង្គភាពប្រមូលផ្តុំតាមបន្ទាត់ព្រំដែន។
លោកឧត្តមសេនីយ៍ឯក បានបន្តថា នេះហើយជាដើមចម នៃសុខភាព ដែលនាំឲ្យយើងទាំងអស់គ្នា បានមកជួបជុំនៅទីនេះគឺដើម្បីរួមគ្នា សម្រាប់សុខភាពពួកយើង ក្នុងនាមជាកងកម្លាំង យើងមិនត្រូវមើលរំលងជាដាច់ខាត ព្រោះវាមានសារៈសំខាន់បំផុតទាក់ទិនទៅនិង អនាគតផ្ទាល់របស់ខ្លួន ក្រុមគ្រួសារសង្គមនិងប្រទេសជាតិរបស់យើង ក្នុងនាមជានគរបាលម្នាក់យើង មានកាតព្វកិច្ចជាតិតម្រូវ ឲ្យប្រតិបត្តិនិងមានគ្រួសារផ្ទាល់ខ្លួន ដែលតម្រូវឲ្យទទួលខុសត្រូវ ហើយក៏មានការទទួលខុសត្រូវផ្សេងៗទៀត ចំពោះសង្គមផងដែរ។
លោកបានបន្ថែមទៀតថា សុខភាពមនុស្ស គឺជាទ្រព្យសម្បត្តិមហាសាល ដំបូងគេបង្អស់របស់ជាតិ និងពិភពលោកទាំងមូលយ៉ាងណាម៉ិញ ដូចគ្នានេះដែរ សុខភាពនគរបាលគឺជាគ្រឹះរឹងមាំនៃសន្តិសុខសង្គម សណ្តាប់ធ្នាប់សាធារណៈ និងការអនុវត្តច្បាប់ មិនត្រឹមតែប៉ុណ្ណោះ គឺជាការចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស ហើយក៏ជាការរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាលផងដែរ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ឯក សម តារា អគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ បានក្រើនរំលឹកបន្ថែមថា នៅក្រៅម៉ោងការងារ ឬថ្ងៃឈប់សម្រាក មន្រ្តីនគរបាលទាំងអស់ត្រូវយកចិត្តទុកដាក់ហាត់កីឡាជាប្រចាំ នៅឲ្យឆ្ងាយពីគ្រឿងញៀន គឺអត់មានអ្វីល្អទេ ជាពិសេសសម្តេចក្រឡាហោមឧបនាយករដ្ឋមន្រ្តី ក៏បានធ្លាប់ក្រើនរំលឹកដែរថា គឺត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន៕