រួមគ្នាទប់ស្កាត់ការជួញដូរសត្វព្រៃ! កម្លាំងសមត្ថកិច្ចចម្រុះ បង្រ្កាបសត្វព្រៃបានជាង២៤គីឡូក្រាម នៅផ្សារស្ទឹងត្រែង ខេត្តស្ទឹងត្រែង
13-07-2017 16:07
(ស្ទឹងត្រែង)៖ សត្វព្រៃ៤ប្រភេទ ត្រូវបានកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រុមអន្តរាគមន៍ចល័ត នៃរដ្ឋបាលព្រៃឈើថ្នាក់ជាតិ សហការជាមួយអង្គការវ៉ាអេត រដ្ឋបាលព្រៃឈើខេត្ត ចុះបង្ក្រាបសត្វព្រៃជួញដូរសត្វព្រៃ ខណៈក្រុមឈ្មួញនិងកំពុងលក់នៅទីផ្សារក្នុងទីរួមខេត្ត។
ការបង្ក្រាបនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ដោយដកហូតបានសត្វព្រៃជាង២៤គីឡូក្រាម និងឃាត់ខ្លួនស្ដ្រីម្នាក់ផងដែរ។
សត្វព្រៃដែលជំនាញរឹបអូសមាន សាច់ជ្រូកព្រៃស្រស់១៤.៥០គីឡូក្រាម, សាច់ឈ្លុសស្រស់ ១.៧០គីឡូក្រាម, សាច់សត្វប្រើស៨គីឡូក្រាម, អណ្តើកសកលរស់ ៤ក្បាល សរុបសាច់សត្វព្រៃស្រស់ទាំងអស់ទំងន់២៤,២០គីឡូកាម។
ប៉ុន្ដែទោះជាយ៉ាងណា ស្ដ្រីឈ្មោះ ឆោម ធីតា អាយុ១៨ឆ្នាំ រស់នៅភូមិព្រះបាទ សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែលឃាត់ខ្លួននេះ ត្រូវបានដោះលែងវិញដោយជំនាញបានបញ្ជាក់ថា សាច់សត្វព្រៃដែលបង្ក្រាបនោះ គឺជារបស់អ្នកលក់ផ្សេង ចំណែករបស់ស្ត្រីរូបនេះគឺមានតិចជាងគេ ដូច្នេះក៏សម្រេចដោះទៅវិញ ដោយមិនឲ្យមានការបង់ពិន័យអ្វីឡើយ៕