(បាត់ដំបង)៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងមនុស្ស២នាក់រងរបួសធ្ងន់ធ្ងរ ក្នុងចំណោមអ្នករបួស៣នាក់ បន្ទាប់ពីពួកគេបានបើកបរម៉ូតូច្រាស់ទិសគ្នា ក្នុងល្បឿនលឿនផងនោះបានបុកគ្នាយ៉ាងពេញទំហឹងដែលបណ្តាលឲ្យស្លាប់ និងរងរបួសធ្ងន់ផងដែរ។
ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៧និង១៥នាទី យប់ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០១៧ម្សិលមិញ លើកំណាត់ផ្លូវលេខ៥៩ ត្រង់ចំណុចផ្លូវចូលក្លោងទ្វារវត្តព្រះពុទ្ធ ស្ថិតក្នុងភូមិព្រះពុទ្ធ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង រវាងម៉ូតូ និងម៉ូតូ។
ប្រភពដដែល បានបន្តថា នៅមុនពេលកើតហេតុមានម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង1D-6161 បើកបរដោយឈ្មោះ ពិន កែវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិបន្ទាយមាស ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយបានមកស្នាក់នៅធ្វើកម្មករក្នុងភូមិកណ្តាល ឃុំត្រាង ស្រុកកំរៀង ខេត្តបាត់ដំបង បានបើកបរក្នុងល្បឿនយ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏បានរេចង្កូតទៅបុកជាមួយនឹងម៉ូតូមួយគ្រឿងទៀតយ៉ាងពេញទំហឹង ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1R-3780 ដែលបើកបរដោយឈ្មោះ ទៀង ទី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ បណ្តាលអោយរងរបួសទាំងសងខាង។
ក្រោយពីសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ គឺសង្កេតឃើញថា អ្នកបើកបរដែលជិះម្នាក់ឯងបានស្លាប់បាត់ទៅហើយនៅនឹងកន្លែង ដោយសារតែមានការប៉ះទង្គិចខ្លាំងផ្នែកក្បាល ចំណែកអ្នកបើកបរម្ខាងទៀត ក៏រងរបួសធ្ងន់បាក់ជើងម្ខាងយ៉ាងធ្ងន់ធ្ងរ ព្រមទាំងបានបញ្ជូនទៅកាន់មន្ទីរពេទ្យអ៊ីមេចិនស៊ីផងដែរ ដើម្បីសង្គ្រោះ រីឯអ្នករួមដំណើរឈ្មោះ ខន ខៀម ភេទប្រុស អាយុ២១ឆ្នាំ ជាកសិករ ហើយរស់នៅភូមិកំរៀង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង រងរបួសស្រាល។
បច្ចុប្បន្ន មធ្យោបាយធ្វើដំណើរទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចនាំយកទៅរក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន រង់ចាំធ្វើការដោះស្រាយជាក្រោយ ចំណែកសពក៏បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន៕