(កោះកុង)៖ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់បានកើតឡើងចំនួន២លើក បណ្តាលឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត និងមនុស្សម្នាក់ទៀត រងរបួសធ្ងន់បណ្តាលមកពីបើកបរខ្វះការប្រុងប្រយ័ត្ន។
អធិការស្រុកមណ្ឌលសីមា បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកោះកុង ឲ្យដឹងថា ករណីទី១៖ បង្កឡើងដោយរថយន្តម៉ាក់អ៊ីណូ ពណ៌សរពាក់ស្លាកលេខភ្នំពេញ 3C-1114 បើកបរដោយឈ្មោះ ចាប ឈាន អាយុ៣១ឆ្នាំ មានមុខរបរបើករថយន្តដឹកកម្មកររោងចក្រឲ្យក្រុមហ៊ុន YAZASI មានទីលំនៅភូមិ២ សង្កាត់ដងទង់ ក្រុខេមរភូមិ ខេត្តកោះកុង។ រីឯជនរងគ្រោះមានឈ្មោះ យក់ ឡាយហេង ភេទប្រុស អាយុ៥៥ឆ្នាំ មានមុខរបរជាសន្តិសុខក្រុមហ៊ុន អិលវាយគ្រុប ស្លាប់បាត់បង់ជីវិតបន្ទាប់ពីបញ្ជូន មកសង្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។
លោកអធិការស្រុក បានបន្តថា មុនពេលកើតហេតុ គេឃើញរថយន្តបង្កបានបើកបរពីទិសខាងលិច ដើម្បីឆ្លងស្ពានឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើតហេតុ ត្រង់កន្លែងបង់លុយស្ពាន រថយន្តបានឈប់បង់លុយដើម្បីបន្តដំណើរទៅមុខទៀត តែរថយន្តបានរេចង្កូត ទៅកៀរជនរងគ្រោះដែលឈរជិតប៉ុស្តិ៍យាម បណ្តាលឲ្យជនរងគ្រោះ ដួលចូលកង់រថយន្តតែម្តង ឃើញបែបនេះតៃកុងរថយន្តបើកទ្វារ រថយន្តគេចខ្លួនបាត់ស្រមោល តែត្រូវសមត្ថកិច្ចស្គាល់អត្តសញ្ញាណហើយ កំពុងតែស្រាវជ្រាវដើម្បីចាប់ខ្លួន ចាត់ការទៅតាមនីតិវិធីច្បាប់។
ករណីទី២៖ នៅវេលាម៉ោង៥៖០០នាទីព្រឹកនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ មានរថយន្តដឹកចេកពីចំណុចភូមិអូរសោម ឆ្ពោះទៅចែកចាយបន្តនៅខេត្តកំពង់ស្ពឺ បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយខ្លួនឯងនៅពេលឡើងចំណោទមិនរួច។
បើតាមប្រភពរបស់ស្នងការដ្ឋាននគរបាលខេត្ត បានឲ្យដឹងថា គ្រោះថ្នាក់ខាងលើនេះ កើតឡើងនៅចំណុច អន្ទង់អាំងធំ ស្ថិតនៅភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។ រថយន្តខាងលើនេះ មានដឹកផ្លែចេកពេញពេលឡើងចំណោទឡើងអត់រួចហើយ ក៏ថយក្រោយបណ្តាល ទើបបណ្តាលឲ្យធ្លាក់ក្រឡាប់តែម្តង បណ្តាលឲ្យតៃកុងឡានរងរបួសធ្ងន់តែប៉ុណ្ណោះ៕