Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រកឃើញទឹកដោះគោ ទឹកក្រូច និងទឹកផ្លែឈើខូចគុណភាព មានដាក់លក់នៅផ្សារស្គន់ ខេត្តកំពង់ចាម, មន្រ្តីកាំកុងត្រូលចុះដកហូត រក្សាទុកដើម្បីដុតកម្ទេចចោល

13-07-2017 15:23

(កំពង់ចាម)៖ ដើម្បីលើកកម្ពស់ពីសុវត្ថិភាពចំណីអាហារ និងសុខភាពប្រជាពលរដ្ឋ មន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ចាមដឹកនាំដោយលោក ជួន សុជាតិ ប្រធានសាខា បានសហការជាមួយមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានចុះអង្កេតត្រួតពិនិត្យ នៅតាមផ្ទះ និងនៅក្នុងផ្សារស្គន់ ស្ថិតក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ដើម្បីពិនិត្យបន្លែសាច់ ផ្លែឈើ និងផលិតផលគ្រឿងកំប៉ុង គោលបំណងស្វែងរកសារធាតុគីមី និងផលិតផលហួសកាលបរិច្ឆេទ។

មន្រ្តីកាំកុងត្រូលសាខារខេត្តកំពង់ចាម បានឲ្យដឹងថា ការចុះត្រួតពិនិត្យទំនិញនៅផ្សារបានលុងខាងលើ មន្រ្តីជំនាញក៏បានដកហូតទំនិញហួស កាលបរិច្ឆេទដូចជា៖ ទឹកដោះគោ ចំនួន៤៨ដប ទឹកក្រូច ចំនួន២០កំប៉ុង ទឹកផ្លែឈើ ចំនួន៧២ដប ជាដើម ហើយបានធ្វើកិច្ចសន្យាដកហូតយកទុក ដុតកម្ទេចចោលនាពេលខាងមុខ។

ជាមួយគ្នានោះ មន្រ្តីជំនាញកាំកុងត្រូល ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ និងជាពិសេសអាជីវករសូមកុំយកបន្លែ ផ្លែឈើនិងទំនិញដែលខូច គុណភាព និងហួសកាលបរិច្ឆេទ យកមកលក់បន្តទៀត។

ជាមួយគ្នានោះលោក ជួន សុជាតិ ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ចាម ក៏បានអប់រំ និងអំពាវនាវដល់អាជីវករអ្នកលក់ដូរទាំងអស់ឲ្យប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់ គឺលក់ដូរ និងចែកចាយតែទំនិញផលិតផលម្ហូបអាហារណា ដែលមានគុណភាព មិនប៉ះពាល់ដល់ សុខមាលភាព អ្នកប្រើប្រាស់។

ឆ្លៀតឱកាសនោះដែរ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់នៅជុំវិញផ្សារស្គន់ ក៏ដូចជាក្នុងផ្សារ ដើម្បីឲ្យពួកគាត់ បានយល់ដឹងអំពីផលវិបាក ដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ៕