(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ បានបញ្ជាក់ថា ការបង្ក្រាបគ្រឿងញៀនឲ្យបានល្អបំផុតនោះ ត្រូវតែមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ពិសេសប្រជាពលរដ្ឋតែម្ដង។
បន្ទាប់បញ្ចប់កិច្ចប្រជុំ ដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផល អនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ និងលើកទិសដៅអនុវត្តយុទ្ធនាការលើកទី២ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ សម្ដេចក្រឡាហោម ស ខេង ថ្លែងយ៉ាងដូច្នេះថា «ការប្រមែប្រមូលឲ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋាន ទាំងស្ថាប័នរបស់រដ្ឋ ហើយមិនមែនរដ្ឋ ក៏ដូចជាវិស័យឯកជន...ការបង្ក្រាបនេះឲ្យមានការចូលរូម របស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិតណាស់ថា សមត្ថកិច្ចដើរតួជាកម្លាំងសំខាន់ ប៉ុន្ដែមិនអាចខ្វះការចូលរួមនោះទេ»។
សម្ដេចក្រឡាហោម ស ខេង បានលើកជាឧទាហរណ៍ថា ការចូលរួមពីវិស័យឯកជន និងពលរដ្ឋគ្រប់មជ្ឈដ្ឋាននោះដូចជា កន្លែងកម្សាន្ដ ភោជនីយដ្ឋាន ផ្ទះសំណាក់ ត្រូវទប់ស្កាត់មិនឲ្យមានការប្រើប្រាស់គ្រឿងញៀន និងមិនឲ្យមានការជួញដូរគ្រឿងញៀនគ្រប់រូបភាព។
លោកឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធគ្រឿងញៀន បានថ្លែងថា រយៈពេល១ឆមាស (៦ខែ) ក្នុងឆ្នាំ២០១៧នេះ អាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀន បានបង្រ្កាបក្រុមមុខសញ្ញា ចែកចាយគ្រឿងញៀនជាង៤ពាន់ករណី និងឃាត់ខ្លួនជនសង្ស័យបានជាង១ម៉ឺននាក់នៅទូទាំងប្រទេស។
សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ រយៈពេល ៦ខែ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អប្រសើរថែមទៀត។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕