(ភ្នំពេញ)៖ ក្រោយបញ្ចប់ការសួរនាំរួចមក ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក វ៉ាន់ សែនវិសុទ្ធ បានសម្រេចចេញដីកាឃុំខ្លួនស្ដ្រីដែលមានអត្តសញ្ញាណលើ Facebook ឈ្មោះ ហេង លក្ខិណា ដាក់ពន្ធនាគារជាបណ្ដោះអាសន្នហើយ នៅរសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ។ នេះបើយោងតាមដីកាបញ្ជាឲ្យឃុំខ្លួន ដែលបណ្តាញសារព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច។
យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួន បានបញ្ជាក់ថា ស្រ្តីរូបនេះ ហ៊ិន វ៉ាន់ស្រីពៅ អាយុ៣៧ឆ្នាំ មុខរបរអ្នកលក់ដូរ បច្ចុប្បន្នរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ការសម្រេចចេញដីកាឃុំខ្លួនរបស់លោកចៅក្រម បានធ្វើឡើងក្រោយពីព្រះរាជអាជ្ញារង សៀង សុខ បានចោទប្រកាន់ស្ដ្រីរូបនេះ ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍»។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃដដែលនេះព្រះរាជអាជ្ញារង សៀង សុខ បានបញ្ចប់ការសួរនាំស្ដ្រីរូបនេះ ដោយចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ»។ តាមក្រមព្រហ្មទណ្ឌបទចោទប្រកាន់មួយនេះ អាចប្រឈមការជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ៤លានរៀល។
ស្ត្រីដែលនិយាយចំហរតាមបណ្តាញសង្គម Facebook ចោទសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រុមគ្រួសារថាជាអ្នកសម្លាប់ លោក កែម ឡី ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ ចាប់ខ្លួន និងបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញម្តងទៀត នៅព្រឹកថ្ងៃទី១៣ ខែកក្កដានេះ។
ស្រ្តីរូបនេះមានអត្តសញ្ញាណនៅលើ Facebook ឈ្មោះ ហេង លក្ខិណា (Heng Leakhena) បាននិយាយចោទសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារថាជាអ្នកសម្លាប់លោក កែម ឡី នៅក្នុងពិធីបុណ្យគម្រប់ខួបមួយឆ្នាំរបស់លោក កែម ឡី កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ។
ជាការកត់សម្គាល់ មានមនុស្សច្រើននាក់ហើយ ដែលអ្នកខ្លះកំពុងជាប់ពន្ធនាគារនិងអ្នកខ្លះរត់ចោលស្រុក ព្រោះតែចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ឬ សម្តេចតេជោ ជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី។ ក្នុងនោះមានលោក សម រង្ស៊ី លោក គឹម សុខ និង អ្នកស្រី ថាក់ ឡានី ជាដើម ៕