(ភ្នំពេញ)៖ លោក ជួង ជូងី មេធាវីការពារក្តីឱ្យ លោក គឹម​ សុខ អ្នកវិភាគបញ្ហាសង្គម នៅព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ បានយកពាក្យស្នើសុំឱ្យកូនក្តីរបស់លោក នៅក្រៅឃុំជាបណ្តោះអាសន្ន ទៅដាក់នៅសាលាដំបូងរាជធានីភ្នំពេញ។

ក្នុងលិខិតស្នើសុំនៅក្រៅឃុំនេះ លោកជួង ជូងី បានសរសេរថា មកដល់ពេលនេះ ការស៊ើបអង្កេត ត្រូវបានបំពេញចប់សព្វគ្រប់អស់ហើយ ហើយសំណុំរឿងត្រូវបានបញ្ជូនទៅជំនុំជម្រះ និងបានកំណត់កាលបរិច្ឆេទសវនាការរួចហើយដែរ ដូចនេះ មិនមានភាពចាំបាច់ ត្រូវរក្សាលោក គឹម សុខ ដើម្បីបន្តការស៊ើបអង្កេតទៀតនោះដែរ។

លោក​ គឹម​ សុខ​ ត្រូវ​បានតុលាការ​បញ្ជូន​ទៅ​ឃុំ​ខ្លួន ក្នុង​ពន្ធនាគារ​ព្រៃស​ កាលពី​រសៀល​ថ្ងៃ​ទី​១៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៧​ ក្រោយពេលសាកសួរ តាម​បណ្តឹង​មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​សម្តេច​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការ​ចោទ​ គណបក្ស​ប្រជាជន​កម្ពុជា​ថា​ ជា​អ្នក​សម្លាប់​លោក​បណ្ឌិត​កែម​ ឡី​។​ លោក​ត្រូវបានតំណាងអយ្យការ ​ចោទប្រកាន់​ចំនួន​ពីរ​បទល្មើស​ គឺ​ ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​ និង​ បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ​។​

បច្ចុប្បន្ន​លោក​ គឹម​ សុខ​ នៅ​ជាប់​បណ្តឹង​មួយ​ទៀត​ ដែល​ប្តឹង​ដោយ​សម្តេច​តេជោ​ដូច​គ្នា​ គឺ​ ពាក់ព័ន្ធ​ការ​ដែល​លោក​បាន​ចោទប្រកាន់ថា​ រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បង្កើត​ប្រព័ន្ធ​សម្លាប់​មនុស្ស​ រួច​រក​ឃាតក​មិន​ដែល​ឃើញ​។

យ៉ាងណាក៏ដោយ បើតាម លោក ជួង ជូងី, សវនាការកាត់ទោស លោក គឹម សុខ នឹងធ្វើឡើងនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ៕