(ភ្នំពេញ)៖ លោកស្រី Eva Nguyen-Binh ជនជាតិបារាំង មានដើមកំណើតវៀតណាម បានចូលកាន់តំណែងជាឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅកម្ពុជាហើយ។ លោកស្រី Eva Nguyen-Binh បានចូលក្រាបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ ហើយនៅព្រឹកថ្ងៃទី១៣ ខែកក្កដា នេះ លោកស្រី បានចូលជួបសំណេះសំណាលជាមួយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ។
សូមបញ្ជាក់ថា លោកស្រី Eva Nguyen-Binh មានឈ្មោះដើមថា Nguyễn Bình Thanh Hương។ មានឪពុកជាជនជាតិវៀតណាម ម្តាយជាជនជាតិបារាំង ស្វាមីរបស់លោកស្រី គឺលោក Jean-Noël Poirier ក៏ជាឯកអគ្គរដ្ឋទូតបារាំងដែរ។ លោកស្រី Eva ធ្លាប់ធ្វើការវិស័យការទូតនៅប្រទេសឥណ្ឌា និងព័រទុយហ្គាល់ បច្ចុប្បន្នលោកស្រី ជាទីប្រឹក្សាផ្នែកកិច្ចសហប្រតិបត្តិការ និងសកម្មភាពវប្បធម៌ របស់ស្ថានទូតបារាំង នៅវៀតណាម ហើយលោកស្រី ក៏ជាប្រធានវិទ្យាស្ថានបារាំង នៅទីក្រុងហាណូយថែមទៀតផង។
លោកស្រីបានរៀនបញ្ចប់ការសិក្សា និងទទួលសញ្ញាបត្រនៅ Science Po ដែលជាសាលានយោបាយដ៏ធំ និងល្បីរបស់បារាំង ហើយលោកស្រីក៏បានរៀននៅសកលវិទ្យាល័យ Georgetown ផ្នែកកិច្ចការបរទេសថែមទៀត។ នៅឆ្នាំ១៩៩៤ លោកស្រី Eva Nguyen-Binh ចាប់បម្រើការងារនៅក្រសួងការបរទេសបារាំង ហើយលោកស្រី មានចំណេញដឹងជំនាញទូលំទូលាយផ្នែកកិច្ចការអាស៊ីអគ្នេយ៍។
លោកស្រី Eva Nguyen-Binh គឺជាឯកអគ្គរដ្ឋទូតបារាំងស្រីដំបូងគេបំផុត ក្នុងការបំពេញការងារជាឯកអគ្គរដ្ឋទូតបារាំង នៅប្រទេសកម្ពុជា។ ក្នុងជំនួបជាមួយលោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន នាព្រឹកថ្ងៃនេះ លោកស្រី Eva Nguyen-Binh បានសន្យា និងប្តេជ្ញាធ្វើឲ្យទំនាក់ទំនងបារាំង និងកម្ពុជា កាន់តែល្អប្រសើរ ព្រមទាំងមានសមិទ្ធផលថ្មីៗបន្ថែមទៀត៕