(សៀមរាប)៖ កិច្ចប្រជុំក្រុមការងារជាន់ខ្ពស់មួយ កំពុងពិនិត្យសម្រេចទៅលើយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ សម្រាប់លើកកម្ពស់ខ្សែសង្វាក់តម្លៃ មានមូលដ្ឋានផ្អែកលើក្សេត្រសាស្ត្រដែលមានសុវត្ថិភាព និង មិនបង្កផលប៉ះពាល់ដល់បរិស្ថាន (២០១៨-២០២២) សម្រាប់មហាអនុតំបន់មេគង្គ (GMS)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែកក្កដានេះ។
កិច្ចប្រជុំប្រចាំឆ្នាំលើកទី១៤ នៃក្រុមការងារស្តីពីកសិកម្ម (WGA AM-14) របស់មហាអនុតំបន់មេគង្គ ប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី១៣-១៤ ខែកក្កដា ដោយមានការចូលរួមពីមន្ត្រីកសិកម្មជាន់ខ្ពស់ វិស័យឯកជនសំខាន់ៗ និងដៃគូអភិវឌ្ឍន៍ រាប់បញ្ចូលធនាគារអភិវឌ្ឍន៍អាស៊ីផងដែរ។
លោក Pavit Ramachandran មន្ត្រីឯកទេសជាន់ខ្ពស់ ផ្នែកបរិស្ថានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី បានឱ្យដឹងថា ១យុទ្ធសាស្ត្រ និងផែនការសកម្មភាពរបស់មហាអនុតំបន់មេគង្គ នឹងត្រួសត្រាយផ្លូវដើម្បីឱ្យមហាអនុតំបន់នេះក្លាយជាតួអង្គកម្រិតសកលមួយ នៅក្នុងផលិតផលអាហារប្រកបដោយសុវត្ថិភាពដែលមានមូលដ្ឋានផ្អែកលើកសិកម្ម ដែលត្រូវបានផលិតតាមរយៈមធ្យោបាយប្រកបដោយនិរន្តរភាព ព្រមទាំងធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ យុទ្ធសាស្ត្រ និងផែនការនេះ នឹងផ្តោតលើបរិយាប័ន្ន និង ការបង្កឱ្យមានផលប៉ះពាល់ទៅលើកសិករខ្នាតតូច និង សហគ្រាសកសិកម្មខ្នាតតូចបំផុត និងខ្នាតតូចនៅក្នុងអនុតំបន់នេះ»។
នៅឯកិច្ចប្រជុំនេះ សមាជិកក្រុមការងារស្តីពីកសិកម្ម នឹងឯកភាពដាក់ជូននូវសេចក្តីព្រាងចុងក្រោយនៃ យុទ្ធសាស្ត្រ និងផែនការសកម្មភាពតំបន់ ដើម្បីឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មទាំង៦រូប ផ្តល់ការអនុម័តនៅឯកិច្ចប្រជុំ ថ្នាក់រដ្ឋមន្ត្រីក្រសួងកសិកម្មនៃមហាអនុតំបន់មេគង្គលើកទី២ ដែលនឹងប្រារព្វធ្វើឡើង នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧ នៅក្រុងសៀមរាបផងដែរ។