(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១ បានប្រកាសថា ថវិកាជិត១លានដុល្លារ គ្រោងចំណាយសម្រាប់លើកទឹកចិត្តដល់មន្ត្រីក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ថ្លែងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ ក្នុងកិច្ចប្រជុំដើម្បីត្រៀមរៀបចំធ្វើសន្និបាត បូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ខុសច្បាប់លើកទី១ និងលើកទិសដៅអនុវត្តយុទ្ធនាការលើកទី២ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៧ខាងមុខនេះសម្តេច ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា «ការគ្រោងថវិកានេះ បានជំរុញ និងលើកទឹកចិត្តដល់សមត្ថកិច្ចមានស្នាដៃ បង្ក្រាបគ្រឿងញៀនបានជោគជ័យ»។
លោកឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ ប្រយុទ្ធគ្រឿងញៀន បានថ្លែងថា រយៈពេល១ឆមាស (៦ខែ) ក្នុងឆ្នាំ២០១៧នេះ អាជ្ញាធរជាតិប្រយុទ្ធគ្រឿងញៀន បានបង្រ្កាបក្រុមមុខសញ្ញា ចែកចាយគ្រឿងញៀនជាង៤ពាន់ករណី និងឃាត់ខ្លួនជនសង្ស័យបានជាង១ម៉ឺននាក់នៅទូទាំងប្រទេស។
សូមជម្រាបថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី១ រយៈពេល ៦ខែ ចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៧ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននៅកម្ពុជា ឲ្យកាន់តែខ្លាំងក្លា និងទទួលបានលទ្ធផលល្អប្រសើរថែមទៀត។
យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដឹកនាំដោយសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធាន និងឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀនជាអនុប្រធាន៕