(ភ្នំពេញ)៖ យុវជនម្នាក់ដែលមានឈ្មោះនៅលើ Facebook «Pich Roth Tha» ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនកាលពីព្រឹកមិញ ក្រោយបង្ហោះសារ គំរាមបាញ់សម្លាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងក្រុមគ្រួសារនោះ ត្រូវបាននាំខ្លួនមកដល់ក្រសួងមហាផ្ទៃហើយ និងកំពុងសួរចម្លើយ នៅនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋឆ្លងដែន នារសៀលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧។ នេះបើយោងតាមលោកឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែនបានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅមុននេះបន្តិច។

នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា យុវជនរូបនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន នៅខេត្តព្រះសីហនុ បន្ទាប់ពីរូបគេបង្ហោះសារ និងរូបភាពតាម Facebook គំរាមបាញ់សម្លាប់សម្តេចតេជោ។

សូមបញ្ជាក់ថា ការចាប់ខ្លួនយុវជនរូបនេះ បានធ្វើឡើងបន្ទាប់ពីមានការចាប់ខ្លួនស្ដ្រីម្នាក់ផងដែរ ដែលបានចោទប្រកាន់សម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារជាអ្នកសម្លាប់លោក កែម ឡី ដែលរហូតមកដល់ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ដ្រីសង្ស័យស្ថិតក្រោមការសួរនាំរបស់លោកចៅក្រម ដើម្បីចាត់ការបន្តតាមច្បាប់៕