(ក្រចេះ)៖ បុណ្យរុក្ខទិវា៩ កក្កដាឆ្នាំនេះ ត្រូវបានខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ បានជ្រើសរើសយកបរិវេណសាកលវិទ្យាល័យក្រចេះ ក្រុងក្រចេះ ដាំកូនឈើចម្រុះជិត២ពាន់ដើម លើផ្ទៃដី២ហិចតា និងចែកជូនប្រជាពលរដ្ឋយកទៅដាំតាមលំនៅដ្ឋាន។
ពិធីនេះត្រូវធ្វើឡើងក្រោមអធិបតីភាពលោក ខ័ណ្ឌ ចំណាន អភិបាលរងខេត្ត និងលោក គឹម ដូ សមាជិកក្រុមប្រឹក្សាខេត្តក្រចេះ និងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ត្រីរាជការ អង្គការសង្គមស៊ីវិល លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជាច្រើនជាង១ពាន់នាក់។
លោក ទ្រី សុភក្រ័ នាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ បានឲ្យដឹងថា សម្រាប់ឆ្នាំ២០១៧នេះ រដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានជ្រើសរើសកំណត់យកទីតាំងប្រារព្ធពិធីបុណ្យរុក្ខទិវាថ្នាក់ខេត្ត នៅនៅបរិវេណសាកលវិទ្យាល័យក្រចេះ ហើយប្រភេទឈើដែលយកមកដាំនៅពេលនោះ ជាប្រភេទឈើបេង គគី ឈើទាល ក្រញូង ធ្នង់ ស្ដៅ និងឈើហូបផ្លែជាច្រើនប្រភេទ សរុបមានចំនួន១,៩៨៩ដើម ។
លោក ទ្រី សុភក្រ័ បានបន្តថា «ការប្រារព្ធធ្វើពិធីបុណ្យរុក្ខទិវានាពេលនោះ គឺក្នុងគោលបំណង់ ដើម្បីស្ដារ និងដាំឡើងវិញនូវប្រភេទឈើមានរយៈពេលវែង ដើម្បីធ្វើឲ្យប្រសើរឡើង សោភណ្ឌ័ភាពទេសភាព ធម្មជាតិ បរិស្ថាន និងចូលរួមចំណែកកាត់បន្ថយ ការឡើង កម្ដៅនៅក្នុងពិភពផែនដី និងបម្រែបម្រួលអាកាសធាតុ»។ ឆ្នាំនេះក៏ដូចបណ្តាឆ្នាំកន្លងមក ខណ្ឌរដ្ឋបាលព្រៃឈើ តែងតែបានប្រារព្ធបុណ្យរុក្ខទិវា៩កក្កដា ដាំកូនឈើជាលក្ខណៈទ្រង់ទ្រាយធំ និងលក្ខណៈទ្រង់ទ្រាយតូច ដីទំនេរនៅតាមវត្ត សាលារៀន និងចែកជូនប្រជាពលរដ្ឋ យកទៅដាំតាមផ្ទះជាបន្តបន្ទាប់។
នាយខណ្ឌរដ្ឋបាលព្រៃឈើក្រចេះ បានបន្ថែមទៀតថា ការអភិរក្ស និងអភិវឌ្ឍន៍ធនធានព្រៃឈើ និងជីវៈចម្រុះ រដ្ឋបាលព្រៃឈើក្រចេះ ក្នុងឆមាសទី១ ឆ្នាំ២០១៧ បានរៀបចំសួនអាពាហ៍ពិពាហ៍ចំនួន៣កន្លែង លើផ្ទៃដី០៨.៩៦ហិកតា។ ការដាំកូនឈើនៅទីនេះ ក៏ដូចកន្លែងផ្សេងៗទៀត គឺមានប្រយោជន៍ច្រើន ក្នុងការបំផុសស្មារតី ក្រើនរំលឹក ប្រជាពលរដ្ឋនៅក្នុងខេត្ត ក៏ដូចទូទាំងប្រទេស ឲ្យបានយល់ដឹងអំពីគុណប្រយោជន៍ព្រៃឈើ និងចូលរួមក្នុងការដាំកូនឈើ ដើម្បីជាសុភមង្គល និងដង្ហែរតាមព្រះរាជតម្រិះរបស់ព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតកោដ្ឋ ដែលព្រះអង្គតែងតែបានយកព្រះទ័យទុកដាក់ អំពីបញ្ហាព្រៃឈើ និងការដាំកូនឈើ ដែលជាអាយុជីវិតរបស់ប្រជារាស្ត្រ។
លោក ទ្រី សុភ័ក្រ បានបញ្ជាក់ថា នៅខេត្តក្រចេះ រុក្ខទិវាត្រូវបានប្រារព្ធធ្វើជាលើកដំបូងនៅឆ្នាំ១៩៩២ ហើយបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ រហូតមកដល់ឆ្នាំនេះ ហើយដាំកូនឈើចម្រុះបានសរុបចំនួន១២០.៥៩៨ដើម និងបានដាំនៅតាមវត្តអារាម តាមសាលារៀន និងនៅតាមទីសាធារណៈ មួយចំនួនទៀត។ លទ្ធផលខាងលើនេះ បានមកដោយការខិតខំប្រឹងប្រែងចូលរួមទាំង កម្លាំងកាយនិងចិត្តរបស់ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ និងដោយមានការយកចិត្តទុកដាក់ជួយឧបត្ថម្ភគាំទ្រ ពីអាជ្ញាធររដ្ឋអំណាចគ្រប់ថ្នាក់។
លោក ខ័ណ្ឌ ចំណាន បានថ្លែងថា «ធនធានព្រៃឈើ បានផ្ដល់នូវពហុប្រយោជន៍មិនអាចប៉ាន់ប្រមាណបានដល់មនុស្សជាតិតាំងពីដើមរហូតមក ព្រៃឈើមិនគ្រាន់តែមានតម្លៃខាងសេដ្ឋកិច្ច និងសង្គមតែប៉ុណ្ណោះទេ ថែមទាំងបានជួយថែរក្សាលំនឹងបរិស្ថានធម្មជាតិធ្វើឲ្យធាតុអាកាសល្អ ប្រសើរឡើងរក្សានិយតភាពប្រភពទឹក ការពារទីជំរាល និងការពារជីវចម្រុះជាដើម»។ «ព្រៃឈើ គឺជាប្រភពផ្ដល់ការរស់រានមានជីវិតចំពោះ មនុស្ស សត្វ ដែលមានជីវិតនៅលើភពផែនដីយើងនេះ»។
លោក ខ័ណ្ឌ ចំណាន បានបន្តថា កន្លងមកក៏ដូចជាបច្ចុប្បន្ននេះ ខេត្តក្រចេះ បានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនក្នុងបញ្ហាព្រៃឈើពិសេស បញ្ហាកាប់រាន ដុត ឈូសឆាយដីព្រៃឈើ ពីសំណាក់ជនខិលខូចដែលមានអំណាច មានទឹកប្រាក់ដើម្បីវាតយកដីរបស់រដ្ឋ ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយយកប្រជាពលរដ្ឋធ្វើជាខែលតតាំងជាមួយអាជ្ញាធរ និងតាមរយៈការជួលផ្ទាល់ ឬទិញបន្តក្នុងតម្លៃថោកៗ។ ហើយបានអំពាវនាវដល់ មន្ត្រីរាជការបងប្អូនជនរួមជាតិទាំងអស់សូមលើកកម្ពស់ការយល់ដឹង ឲ្យបានច្បាស់លាស់ក្នុងការថែរក្សា ការពារព្រៃឈើឲ្យបានគង់វង្ស ម្យ៉ាងវិញទៀត ចំពោះកូនឈើដែលបានហើយ ទាំងនៅក្នុងចំការ ទាំងនៅតាមរមណីយដ្ឋាន និងទីកន្លែងសាធារណៈផ្សេងៗ សូមសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋនៅនឹងកន្លែង ចូលរួមថែរក្សាឲ្យបានគង់វង់។
បន្ថែមពីនេះ លោកសំណូមពរដោយទទូចដល់ សាកលវិទ្យាធិកា សិស្សិត ព្រះសង្ឃ គណកម្មការវត្ត ប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅក្នុងតំបន់នេះ ត្រូវចេះស្រឡាញ់ ថែរក្សាការពារកូនឈើដែលបានដាំ បានលូតលាស់ ស្ថិតស្ថេរគង់វង្សល្អប្រសើរប្រយោជន៍ ជាសាធារណៈនាពេលអនាគត៕