(ភ្នំពេញ)៖ លោក ឡេង រ៉ាវង្ស អភិបាលរងខណ្ឌតំណាងលោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វារ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ ចុះបើកការដ្ឋានស្ថាបនាជួសជុលផ្លូវបេតុងឆ្អឹងដែក១ខ្សែ ដែលមានបណ្ដោយ៦៥០ម៉ែត្រ ទទឹង៥ម៉ែត្រ សរុប ៣,២៥០ម៉ែត្រការ៉េ មានកម្រាស់១៥សង់ទីម៉ែត្រ ដោយភ្ជាប់បន្តពីផ្លូវបេតុងវត្តពញរែកតាគង់ ដល់ផ្លូវស្រះ៣ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដោយប្រើប្រាស់ថវិកាមូលនិធិ ខណ្ឌឆ្នាំ២០១៧។
ពិធីបើកការដ្ឋានក្នុងការស្ថាបនាជួសជុលផ្លូវបេតុង និងបណ្ដាញលូនេះដែរ ក៏មានការចូលរួមពីលោក កៅ សារ៉ាវុធ នាយករដ្ឋបាលខណ្ឌ មន្ត្រីសាលាខណ្ឌ-សង្កាត់ និងប្រជាពលរដ្ឋជាង៤២០នាក់ផងដែរ។
សូមបញ្ជាក់ថា ចាប់តាំងពីព្រឹកថ្ងៃទី១១ រហូតមកដល់ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ "ពោលរយះពេល៣ថ្ងៃជាប់គ្នា" អាជ្ញាធរខណ្ឌជ្រោយចង្វារ ក្រោមការដឹកនាំពីលោក ឃ្លាំង ហួត បានបន្តសកម្មភាពបើកការដ្ឋាន ដើម្បីជួសជុលផ្លូវបេតុង និងដាក់ទាំងប្រព័ន្ធលូ ជូនប្រជាពលរដ្ឋមានភាពងាយស្រួលធ្វើដំណើរ និងអាចបញ្ជៀសការលេចលង់ពីជំនន់ទឹកភ្លៀងបាន ដែលមានបណ្ដោយ៤០០ម៉ែត្រ ទទឹង៥ម៉ែត្រ សរុប២,០០០ម៉ែត្រ ដោយកសាងភ្ជាប់បន្តចាប់ពីផ្លូវបេតុងមូលនិធិសង្កាត់ ទៅខាងលិច និងខាងកើតជាប់ផ្លូវជាតិលេខ៦អា ហើយនិងមានការជួសជុលដាក់បំពង់លូរំដោះទឹកលើផ្លូវទន្លេមេគង្គ១ខ្សែទៀត សរុប៥២៥ម៉ែត្រ រួមជាមួយអណ្ដូងលូចំនួន១៥កន្លែង ដោយស្ថាបនាបន្តពីមូលនិធិសង្កាត់ ស្ថិតនៅក្នុងភូមិបាក់ខែង ភូមិក្ដីចាស់ សង្កាត់បាក់ខែង ហើយក៍បន្តបើកការដ្ឋានស្ថាបនាជួសជុលផ្លូវបេតុងឆ្អឹងដែក១ខ្សែទៀត ដែលមានបណ្ដោយ៦៨៦ម៉ែត្រ ទទឹង៥ម៉ែត្រ សរុប៣,៤៣០ ម៉ែត្រការ៉រ និងមានកម្រាស់១៥សង់ទីម៉ែត្រ និងជួសជុលលូជ្រុងតូចឡើងវិញ «ឥដ្ឋតាន់» ដែលមានបណ្ដោយ៦៩១ម៉ែត្រ មានមុចកាត់ ៣០សង់ទីម៉ែត្រ ចាប់ពីព្រែកយាយអ៊ាត រហូតទៅដល់ព្រែកទី២ ស្ថិតក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ដោយប្រើប្រាស់ថវិកាមូលនិធិខណ្ឌឆ្នាំ២០១៧។
ក្នុងពិធីបើកការដ្ឋាន៣ថ្ងៃជាប់គ្នានេះ លោក ឡេង រ៉ាវង្ស បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត ពិតជាមានគម្រោងចង់បាន ដោយធ្វើយ៉ាងណា ដើម្បីកែប្រែផ្លូវដីមួយចំនួន នៅតាមសង្កាត់នីមួយៗ ឲ្យទៅជាផ្លូវបេតុង និងដាក់ទាំង ប្រព័ន្ធលូរំដោះទឹក ក្នុងការបញ្ជៀសពីការលិចលង់ពីជុំនន់ទឹកភ្លៀង សម្រាប់មូលដ្ឋានខណ្ឌជ្រោយចង្វារទាំងមូល។
បើតាមអភិបាលរងខណ្ឌរូបនេះ កត្តាទាំងនេះបំពេញទៅតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ មានទាំងភាពងាយស្រួលធ្វើដំណើរ និងអាចកាត់បន្ថយនូវការកកស្ទះចរាចរជាដើម ពិសេសផ្លូវជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ ដ៏មានសារៈសំខាន់បំផុត ហើយក្នុងមួយឆ្នាំៗសាលារាជធានីភ្នំពេញ បានផ្ដល់កញ្ចប់ថវិកាយ៉ាងច្រើនមកសាលាខណ្ឌ ដើម្បីធ្វើការសិក្សាលើគម្រោងដែលមានជាអទិភាព ក្នុងការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ៕