(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានក្រើនរំឭកឲ្យអស់លោក លោកស្រី ជាចៅសង្កាត់ចៅ សង្កាត់រងទាំង៧ សម្រាប់មូលដ្ឋានខណ្ឌឫស្សីកែវ ជាពិសេសមកពីគណបក្សសង្គ្រោះជាតិ ដាច់ខាតមិនត្រូវឈ្លោះគ្នាឡើយ ហើយត្រូវងាកមកសហការរួមគ្នា ធ្វើការដោះស្រាយលើបញ្ហានានា ដែលកំពុងប្រឈម និងចាត់ទុកជាបញ្ហាអទិភាពមានចំនួន៣ចំណុចសំខាន់ៗ ទី១-បញ្ហាការកកស្ទះប្រព័ន្ធលូ ដោយរងសំពាធពីជំនន់ទឹកភ្លៀង ទី២-បញ្ហាការកកស្ទះមកពីកាកសំណល់សម្រាម និងទី៣-ការកកស្ទះចរាចរ ដែលអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បាននិងកំពុងតែមានវិធានការបន្តដោះស្រាយនាពេលបច្ចុប្បន្ន។
ជាមួយគ្នានេះលោក ជា ពិសី បានបញ្ជាក់ថា ក្រោយប្រកាសសុពលភាព ចៅសង្កាត់ ចៅសង្កាត់រងទាំងអស់ ដោយទទួលបាននូវសេចក្ដីទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីថ្ងៃអាទិត្យទី៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ ប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវយុត្តិធម៌នោះ ដាច់ខាតមិនត្រូវធ្វើអ្វីតាមតែទំនើងចិត្តបានទេ ពិសេសមិនត្រូវដក ឫដាក់មេភូមិ និងប្រជាការពារបានស្រេចតែចិត្តដែរ ពីព្រោះមេភូមិ និងប្រជាការពារ មានការឯកភាពត្រឹមត្រូវ តែងតាំងឡើងដោយក្រសួងមហាផ្ទៃ សម្រាប់បម្រើជាផលប្រយោជន៍របស់ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
ការក្រើនរំឭកដោយសង្កត់ធ្ងន់បែបនេះត្រូវបានលោក ជា ពិសី លើកឡើងនៅក្នុងឱកាសបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពខណ្ឌ ដ៏សំខាន់មួយ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតនៅក្នុងអាគារ «B» នៃសាលាខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីអភិបាលរងខណ្ឌ៤រូប គឺលោក លីន ញ៉ក់ លោកស្រី លី រ៉ូហ្សាមី លោក ប្រាជ្ញ សីហា លោក ស៊ូ សោគន្ធ និងប្រធាន-អនុប្រធានការិយាល័យចំណុះជុំនាញជុំវិញខណ្ឌ អធិការរងនគរបាលខណ្ឌ មេបញ្ជាការរងអាវុធហត្ថខណ្ឌ ចៅសង្កាត់ ចៅសង្កាត់រង នាយនគរបាលប៉ុស្ដិ៍ មេភូមិ-អនុភូមិ រួមនិងប្រជាការពារប្រមាណ៨០នាក់ផងដែរ។
ក្នុងកិច្ចប្រជុំនេះ លោក ជា ពិសី បានថ្លែងថា «ខ្ញុំសូមផ្ដាំហើយ ផ្ដាំទៀត ក្នុងនាមចៅសង្កាត់ ដែលទទួលបាននូវសេចក្ដីទុកចិត្តពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់កាលពីថ្ងៃអាទិត្យទី៤ ខែមិថុនា ឆ្នាំ២០១៧កន្លងទៅ និងបានប្រកាសសុពលភាពតាមរយះក្រសួងមហាផ្ទៃ បានក្លាយជាមន្ត្រីរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ដូច្នេះដាច់ខាតមិនត្រូវធ្វើអ្វីតាមតែទំនើងចិត្ត ដោយគ្មានការឯកភាពពីចៅសង្កាត់រង ឫក៏គ្មានការឯកភាពពីស្មៀនសង្កាត់បានដែរ ពិសេសមិនត្រូវសម្រេចដក ឫដាក់ទាំងមេភូមិ និងប្រជាការពារ បានស្រេចតែចិត្តនោះទេ ប្រយ័ត្នប្រឈមបញ្ហាផ្លូវច្បាប់ ពីព្រោះមេភូមិ និងប្រជាការពារមានការឯកភាពត្រឹមត្រូវ ដើម្បីឲ្យបង្កើតឡើងដោយក្រសួងមហាផ្ទៃ»៕