(ភ្នំពេញ)៖ ដោយសារតែមិនអាចទ្រាំនូវទង្វើការឃុបឃិតគ្នា ជាប្រព័ន្ធរបស់ថ្នាក់ដឹកនាំមួយចំនួន នៅក្នុងក្រសួងធម្មការ និងសាសនា បានធ្វើឲ្យក្រុមមន្ដ្រីតូចតាចមួយចំនួន បានចេញមកទម្លាយការពិតរហូតមានមន្ដ្រីខ្លះ បានបង្ហោះព័ត៌មានទាំងនេះ នៅលើបណ្ដាញសង្គម Facebook ដើម្បីដឹងទៅដល់ថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល ជាពិសេសសម្ដេចតេជោ ហ៊ុន សែន ផ្ទាល់តែម្ដង ដើម្បីឲ្យសម្តេចជួយអន្តរាគមន៍ផង បើមិនដូច្នេះទេ មន្រ្តីភាគច្រើនបាក់ទឹកចិត្តធ្វើការអស់ហើយ។
អំពើពុករលួយសុះស្លែ និងយូរឆ្នាំមកនេះ ត្រូវបានក្រុមមន្ដ្រីទម្លាយថា ការបញ្ចូលមន្ដ្រីពាក់កិច្ចសន្យា និងមនុស្សក្រៅកិច្ចសន្យាទៅជាមន្ដ្រីក្របខ័ណ្ឌពេញសិទ្ធិ របស់ក្រសួងធម្មការនោះ ត្រូវចំណាយលុយពី៤,០០០ដុល្លារ ទៅ៥,០០០ដុល្លារក្នុងម្នាក់ៗ។
លួចទម្លាយដល់ការិយាល័យនិពន្ធព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ មន្ដ្រីក្រសួងធម្មការ ដែលសុំមិនបង្ហាញអត្តសញ្ញាណបានឲ្យដឹងថា អំពើពុករលួយខ្លាំងឡើងៗ និងតាមអំពើចិត្តនេះ ពាក់ព័ន្ធទៅនឹងលោកស្រី កែវ សុធារី អគ្គនាយក នៃអគ្គនាយកដ្ឋានហរិញ្ញវត្ថុ ដែលកាន់តំណែងនេះយូរឆ្នាំមកហើយ ដែលមានមន្ដ្រីជំរិតរបស់ខ្លួន ដូចជា៖ លោក លន់ មុនីរតនា និងប្ដីរបស់ខ្លួនលោក សន ប៊ុនហួរ ដែលជាប្រធានលទ្ធកម្ម។
ជាមួយគ្នានេះ អំពើពុករលួយក៏បានធ្វើឲ្យប៉ះពាល់រហូតដល់លុយ សម្ដេចសង្ឃ អំ លឹមហេង នៅក្នុងអាគារធិការពុទ្ធិកសិក្សាទៀតផង រហូតលួចយកលុយទាំងនេះ ទៅប្រគល់ឲ្យសម្ដេចសង្ឃវិញ តែព្រះអង្គមិនទទួល។
នៅបណ្តាញសង្គម Facebook មានឈ្មោះថា «ស្តេចក្រាញ់ បិតា» បានទម្លាយសារទាំងនេះយ៉ាងដូច្នេះថា «...ករណីរឿងបញ្ចូលឈ្មោះមន្រ្តីក្របខ័ណ្ឌនៅក្រសួងធម្មការ និងសាសនាលោកស្រី កែវ សុធារី អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាលហិរញ្ញវត្ថុ ដុះស្លែ៤រដ្ឋមន្រ្តីមកហើយនៅតែរក្សាខ្សែក្រវ៉ាត់ ជាអគ្គនាយកដដែល បានរហូតមកដល់បច្ចុប្បន្ន។ ការបញ្ចូលឈ្មោះមន្រ្តីឲ្យមានក្របខ័ណ្ឌឆ្នាំ២០១៧ ចំនួន២០៧ រូបនេះ ដោយមានការសហការពីប្រធានមន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ដើរប្រមូលលុយប្រមាណជា៤០០០ដុល្លារ ទៅ៥០០០ដុល្លារ ក្នុង១រូប ដើម្បីឲ្យបានចូលជាក្របខ័ណ្ឌក្រសួងធម្មការ និងសាសនា ពីមន្រ្តីជាប់កិច្ចសន្យាផង និងមនុស្សក្រៅកិច្ចសន្យាផង ដើម្បីឲ្យមានឈ្មោះទៅជាក្របខ័ណ្ឌមន្រ្តីរាជការ នៃក្រសួងពេញសិទ្ធិ»។
បើតាមមន្រ្តីទាំងនេះ បើទោះជាមានការបែកធ្លាយរឿងពុករលួយយ៉ាងដូច្នេះក៏ ប៉ុន្តែលោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា មិនទាន់មានចំណាត់ការ នៅឡើយទេ។
យ៉ាងណាក៏ដោយ ចំពោះការចោទប្រកាន់នេះ អង្គភាពព័ត៌មាន Fresh News បានទាក់ទងសុំការបំភ្លឺពីលោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ ប៉ុន្តែលោកមិនទាន់អាចបកស្រាយបានទេ ដោយលោកបញ្ជាក់យ៉ាងខ្លីថា «ខ្ញុំកំពុងជាប់រវល់បន្តិច»៕