(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ បានលួចទម្លាយប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះថា ដូចបានដឹងហើយកាលពីម្សិលមិញលោក កឹម សុខា និងមន្រ្តីមួយចំនួនបានចាកចេញពីកម្ពុជា ទៅប្រទេសថៃ និងបន្តទៅកាន់ទីក្រុងហុងកុង ទីដែលលោកនឹងជួបជាមួយទណ្ឌិត សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ នៅថ្ងៃទី១៣ ខែកក្កដានេះតែម្តង ហើយនៅថ្ងៃព្រហស្បត្តិ៍នេះក៏មានមន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិមួយចំនួន បានចាកចេញទៅកាន់ ទីក្រុងហុងកុងផងដែរ។
មន្រ្តីជាន់ខ្ពស់បក្សប្រឆាំងដែលស្និទជាមួយ Fresh News បានទម្លាយឲ្យដឹងទៀតថា លោកស្រី មូរ សុខហួរ បានចេញចាកពីកម្ពុជា ទៅកាន់ទីក្រុងហុងកុង នៅវេលាម៉ោង ៦៖៥៥នាទី ថ្ងៃទី១៣ ខែកក្កដានេះតាមជើងហោះ Cambodia Angkor Air K6812 ចំណែកលោក សុន ឆ័យ ក៏បានចាកចេញពីកម្ពុជាផងដែរ។
សូមជំរាបថា កាលពីម្សិលមិញមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងបានបញ្ជាក់ថា លោក កឹម សុខា ដែលកំពុងក្តាប់អំណាចគណបក្ស សង្រ្គោះជាតិទាំងមូល ចាកចេញពីប្រទេសថៃ ទៅជួបពិភាក្សាកិច្ចការសំងាត់ជាមួយទណ្ឌិត សម រង្ស៊ី នៅទីក្រុងហុងកុងនាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ ជាមួយមន្រ្តីមួយចំនួនទៀត។ ហើយការជួបនេះ ទំនងអាចជាឱកាសចុងក្រោយហើយ មុនពេល វិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយថ្មីចូលជាធរមាន នាពេលឆាប់ៗនេះ៕
រូបភាពលោក កឹម សុខា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាពេលកន្លងទៅ