(ភ្នំពេញ)៖ នៅមុននេះបន្ដិចនាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ ព្រះរាជអាជ្ញារង សៀង សុខ បានបញ្ចប់ការសួរនាំស្ដ្រី ដែលចោទប្រកាន់សម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារ ថាជាអ្នកសម្លាប់លោក កែម ឡី និងកំពុងបញ្ជូនសំណុំរឿងទៅដៃចៅក្រម ស៊ើបសួរ ចាត់ការបន្ដទៀត។ នេះបើយោងតាមមន្ដ្រីជាន់ខ្ពស់ សាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់បណ្ដាញសារព័ត៌មាន Fresh News។
មន្ដ្រីដដែលនេះបានបញ្ជាក់យ៉ាងដូច្នេះថា «ព្រះរាជអាជ្ញារង លោក សៀង សុខ បានបញ្ចប់ការសួរនាំហើយ ដោយចោទប្រកាន់ពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ»។ តាមក្រមព្រហ្មទណ្ឌបទចោទប្រកាន់មួយនេះ អាចប្រឈមការជាប់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀល ទៅ៤លានរៀល។
សូមបញ្ជាក់ថា ស្ត្រីដែលនិយាយចំហរតាមបណ្តាញសង្គម Facebook ចោទសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រុមគ្រួសារថាជាអ្នកសម្លាប់ លោក កែម ឡី ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ ចាប់ខ្លួន និងបញ្ជូនមកអយ្យការអមសាលាដំបូងរាជធានីភ្នំពេញម្តងទៀត នៅព្រឹកថ្ងៃទី១៣ ខែកក្កដានេះ។
ស្រ្តីរូបនេះមានអត្តសញ្ញាណនៅលើ Facebook ឈ្មោះ ហេង លក្ខិណា (Heng Leakhena) បាននិយាយចោទសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារថាជាអ្នកសម្លាប់លោក កែម ឡី នៅក្នុងពិធីបុណ្យគម្រប់ខួបមួយឆ្នាំរបស់លោក កែម ឡី កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ។
ជាការកត់សម្គាល់ មានមនុស្សច្រើននាក់ហើយ ដែលអ្នកខ្លះកំពុងជាប់ពន្ធនាគារនិងអ្នកខ្លះរត់ចោលស្រុក ព្រោះតែចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ឬ សម្តេចតេជោ ជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី ។ ក្នុងនោះមានលោក សម រង្ស៊ី លោក គឹម សុខ និង អ្នកស្រី ថាក់ ឡានី ជាដើម ៕