(ព្រះសីហនុ)៖ យុវជនម្នាក់ដែលមានឈ្មោះនៅលើ Facebook «Pich Roth Tha» ត្រូវបានកម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់ខ្លួនកាលពីព្រឹកមិញ ក្រោយបង្ហោះសារ គំរាមបាញ់សម្លាប់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងក្រុមគ្រួសារនោះ ត្រូវបាន និងកំពុងនាំខ្លួនពីខេត្តព្រះសីហនុ មកកាន់ក្រសួងមហាផ្ទៃ ដើម្បីបន្ដសួរចម្លើយ ឈានទៅដល់ចាត់វិធានការតាមផ្លូវច្បាប់។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់ការិយាល័យនិពន្ធព័ត៌មាន Fresh News ថា យុវជនរូបនេះត្រូវបាននាំខ្លួនចេញពីខេត្តព្រះសីហនុ តាំងពីវេលាម៉ោងប្រមាណ០៨៖៣០នាទីព្រឹកមិញ ដើម្បីបញ្ជូនទៅកាន់ក្រសួងមហាផ្ទៃ សួរចម្លើយពាក់ព័ន្ធទៅនឹងការបង្ហោះសារតាម Facebook ដែលគំរាមបាញ់សម្លាប់ សម្ដេចតេជោ ហ៊ុន សែន។
នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិបានបញ្ជាក់ថា យុវជនរូបនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបាន នៅខេត្តព្រះសីហនុ បន្ទាប់ពីរូបគេបង្ហោះសារ និងរូបភាពតាម Facebook គំរាមបាញ់សម្លាប់សម្តេចតេជោ។ នាយឧត្តមសេនីយ៍បានបញ្ជាក់ទៀតថា ពេលនេះកម្លាំងនគរបាលកំពុងនាំខ្លួន ជនសង្ស័យរូបនោះ មកនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋឆ្លងដែន ដើម្បីសួរនាំ។
សូមបញ្ជាក់ថា ការចាប់ខ្លួនយុវជនរូបនេះ បានធ្វើឡើងបន្ទាប់ពីមានការចាប់ខ្លួនស្ដ្រីម្នាក់ផងដែរ ដែលបានចោទប្រកាន់សម្ដេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារជាអ្នកសម្លាប់លោក កែម ឡី ដែលរហូតមកដល់ព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ដ្រីសង្ស័យស្ថិតក្រោមការសួរនាំរបស់លោកព្រះរាជអាជ្ញារង សៀង សុខ នៅឡើយ៕