(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនក្រោមអាយុ ១៥ឆ្នាំកម្ពុជា បានបំបាក់ក្រុមជម្រើសជាតិយុវជន U-15 ហ្វីលីពីន យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០ មុននេះបន្ដិច ដើម្បីទទួលបាន ៣ពិន្ទុលើកដំបូង នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ ដណ្ដើមពានរង្វាន់យុវជនអាស៊ីអាគ្នេយ៍ 2017 AFF U-15 Championships ដែលរៀបចំឡើងនៅកីឡដ្ឋាន Chunbori ប្រទេសថៃ។
នេះគឺជាជ័យជម្នះលើកទី១ ក្នុងចំណោម ២ប្រកួត របស់ក្រុមយុវជន U-15 កម្ពុជា បន្ទាប់ពីប្រកួតបើកឆាកបរាជ័យ ក្រោមថ្វីជើងក្រុម U-15វៀតណាម ដោយលទ្ធផល ២-១ ។ ជ័យជម្នះលើក្រុមមាឌធំ U-15ហ្វីលីពីនទៀតសោត បានជួយក្រុម U-15កម្ពុជា ឡើងទៅឈរលេខរៀងទី៣ ក្នុងតារាងពិន្ទុពូល B ខណៈនៅសល់ ៣ប្រកួតក្នុងដៃ ពោលគឺជួប U-15ទីម័រខាងកើត នៅថ្ងៃទី១៤-កក្កដា មុនបន្ដជួប U-15ប្រ៊ុយណេ នៅថ្ងៃទី១៦-កក្កដា និងចុងក្រោយជួប U-15ម៉ាឡេស៊ី នៅថ្ងៃទី១៨ ខែកក្កដា។
ដោយតំណែងកំពូលតារាងបណ្ដោះអាសន្ន គឺគ្រប់គ្រងដោយក្រុម U-15វៀតណាម និងក្រុមយុវជនម៉ាឡេស៊ី ដែលមាន ៦ពិន្ទុស្មើគ្នា បន្ទាប់ពីរកបាន ៣ពិន្ទុបន្ថែមរៀងៗខ្លួន នាល្ងាចថ្ងៃទី១២ ខែកក្កដានេះ ក្នុងនោះក្រុម U-15វៀតណាម បានយកឈ្នះក្រុម U-15ប្រ៊ុយណេ ២-១ និងក្រុមយុវជន U-15ម៉ាឡេស៊ី បានយកឈ្នះក្រុម U-15ទីម័រខាងកើត ដោយលទ្ធផល ២-០៕