Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើតគណៈកម្មការ រៀបចំពិធីអបអរសាទរ តំបន់ប្រាសាទសំបូរព្រៃគុក ក្រោយចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (Video inside)

12-07-2017 21:51

(ភ្នំពេញ)៖ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីរៀបចំពិធីអបអរសាទរការបញ្ជូន តំបន់ប្រាសាទសំបូរព្រៃគុក ក្រោយចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ នេះបើតាមសេចក្ដីសម្រេច ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧។

សម្ដេចតេជោ ហ៊ុន សែន សម្រេចថា គណៈកម្មការនេះ មានលោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ដ្រីប្រចាំការ និងជារដ្ឋមន្ដ្រីស្ដីទីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រីជាប្រធាន។

គួរបញ្ជាក់ថា ការសម្រេចបញ្ចូល «តំបន់ប្រាសាទសំបូរព្រៃគុក» ក្នុងបញ្ជីបេតិកភណ្ឌនេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ កំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលប្រារព្ធឡើង កាលពីថ្ងៃទី០២ -១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន ១៩៣ ប្រទេសជាសមាជិក និង ២១ ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចអនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង ៩៖៤០ នាទី (ម៉ោងនៅកម្ពុជា) នាយប់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។

តំបន់ប្រាសាទសំបូរព្រៃគុកនេះ ជារាជធានីចាស់បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់សិវៈនិយម។ ក្រុមប្រាសាទនេះសាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវបានឲ្យដឹងថា នៅទីនោះ មានប្រាសាទប្រមាណជាង១០០ប្រាសាទ ដែលចែកចេញជា៤ក្រុមធំៗ៕