(ភ្នំពេញ)៖ លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងថា ក្នុងឆ្នាំ២០១៧ កម្ពុជាអាចរំពឹងថា នឹងទទួលបាន ភ្ញៀវទេសចរចិនប្រមាណ ១លាននាក់ ខណៈទេសចរចិនដែលបានមកទស្សនាកម្ពុជាមានចំនួន ៤៤ម៉ឺននាក់រួចហើយ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ។
លោករដ្ឋមន្រ្តីថ្លែងបែបនេះ ក្នុងកម្មវិធីផ្សព្វផ្សាយទេសចរណ៍ចិន «Beautiful China» នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា នាល្ងាចទី១២ ខែកក្កដា ឆ្នាំ២០១៧ ដែលចូលរួមដោយលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍ កម្ពុជា, លោក Zhang Xilong ប្រធានគណៈប្រតិភូរដ្ឋបាលទេសចរណ៍ជាតិចិន, ភ្នាក់ងារទេសចរចិនប្រចាំនៅកម្ពុជា និងផ្នែកពាក់ព័ន្ធមួយចំនួនទៀត។
លោក ថោង ខុន ថ្លែងយ៉ាងដូច្នេះថា «រយៈពេល៥ខែ ដើមឆ្នាំ២០១៧ កម្ពុជាទទួលបានទេសចរអន្តរជាតិជិត ២.៣លាននាក់ កើនឡើង ១២.៥ភាគរយ ក្នុងនោះទេសចរចិន មានចំនួន ៤៤ម៉ឺននាក់ កើនឡើង ៣៥.៦ភាគរយ។ នៅឆ្នាំ២០១៧នេះ កម្ពុជានឹងអាចទទួលបានទេសចរចិនប្រមាណ ១លាននាក់ ហើយនៅឆ្នាំ២០២០ នឹងកើនឡើងយ៉ាងតិច ២លាននាក់ ក្នុងចំណោមទេសចរអន្តរជាតិសរុបប្រមាណ ៧លាននាក់»។
លោកបានបន្តថា ដើម្បីត្រៀមទទួលស្វាគមន៍ទេសចរអន្តរជាតិ ៧លាននាក់ នៅឆ្នាំ២០២០ ជាយុទ្ធសាស្រ្តកម្ពុជាបានប្ដេជ្ញាចិត្ត ក្នុងការបន្តអភិវឌ្ឍន៍ទេសចរណ៍របស់ខ្លួន ជាគោលដៅទេសចរណ៍ស្អាត និងបៃតង ប្រកបដោយភាពទាក់ទាញ និងផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរ ដោយឈរលើលក្ខណៈពិសេសនៃអច្ឆរិយភាព នៃប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ពិសេសប្រាសាទសំបូរព្រៃគុក ដែលថ្មីៗនេះទើបត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូផងដែរ។
លោកក៏បានជម្រាបទៅអង្គពិធីផងដែរ ពីការព្យាករណ៍របស់អង្គការ UNWTO ដែលបានបញ្ជាក់ថា នៅឆ្នាំ២០២០ ទេសចរ ចិននឹងដើរចេញទៅទេសចរណ៍ក្រៅប្រទេសប្រមាណ ២០០លាននាក់ ហើយនឹងចំណាយប្រមាណ ៤២០ប៊ីលានដុល្លារ ដែលធ្វើឲ្យបណ្ដាប្រទេសនានាលើពិភពលោក ត្រៀមខ្លួនក្នុងការទាក់ទាញ និងទទួលស្វាគមន៍ទេសចរមហា អំណាចអាស៊ីមួយនេះ៕