(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ បានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលជាង១០០នាក់ ដើម្បីបំប៉នសមត្ថភាពក្នុងការត្រួតពិនិត្យ និងវាយតម្លៃរមណីយដ្ឋានទេសចរណ៍គំរូ ក្រោយរាជរដ្ឋាភិបាលកម្ពុជាបានសម្រេច ដាក់ចេញនូវចលនាប្រឡងប្រណាំង «រមណីយដ្ឋានទេសចរណ៍គំរូ» លើកទី១ ឆ្នាំ២០១៧ ដើម្បីចូលរួមក្នុងចលនា ប្រឡងប្រណាំង «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ» ឲ្យមានប្រសិទ្ធភាពខ្ពស់។

វគ្គបណ្ដុះបណ្ដាលខាងលើ ធ្វើឡើងក្រោមវត្តមានលោក តុប សុភ័ក អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោក រដ្ឋមន្រ្តី ថោង ខុន និងមានការធ្វើបទបង្ហាញដោយលោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ ដោយមានរយៈពេល១ថ្ងៃ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក តុប សុភ័ក បានឲ្យដឹងថា ដើម្បីចូលរួមក្នុងចលនាប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូនេះបានគ្រប់បេក្ខភាព រមណីយដ្ឋានទេសចរណ៍ទាំងអស់ ត្រូវអនុវត្តតាមដំណាក់កាលជាបន្តបន្ទាប់ រួមមាន៖

* ដំណាក់កាលទី១ (ខែមេសា-មិថុនា)៖ រមណីយដ្ឋានទេសចរណ៍ទាំងអស់ អាចស្នើសុំទម្រង់បែបបទចុះឈ្មោះប្រឡង ដោយផ្ទាល់ នៅមន្ទីរទេសចរណ៍រាជធានី-ខេត្ត ឬទាញយកពីគេហទំព័រ (www.cambodiacleancity.gov.kh)។ បន្ទាប់មក បេក្ខភាពត្រូវបំពេញឲ្យបានត្រឹមត្រូវ ភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ រួចបញ្ជូនដាក់ពាក្យសុំចូលរួមប្រឡងនោះមកក្រសួង ទេសចរណ៍ តាមរយៈមន្ទីរទេសចរណ៍រាចជធានី-ខេត្ត រៀងរាល់ម៉ោងធ្វើការ ឬផ្ញើទៅកាន់អ៊ីម៉ែល ([email protected])។

* ដំណាក់កាលទី២ (ខែមិថុនា-សីហា)៖ គណៈកម្មការវាយតម្លៃចលនាប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ នឹងធ្វើការត្រួតពិនិត្យ និងវាយតម្លៃលើពាក្យសុំឯកសារពាក់ព័ន្ធ និងស្ថានភាពជាក់ស្ដែងរបស់រមណីយដ្ឋានទេសចរណ៍ បេក្ខភាព។

* ដំណាក់កាលទី៣ (ខែសីហា-តុលា)៖ គណៈកម្មការវាយតម្លៃចលនាប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ នឹងប្រមូលទិន្នន័យ និងរៀបចំរបាយការណ៍ចុងក្រោយ ដើម្បីឈានទៅប្រកាសលទ្ធផលជយលាភីនៃចលនារមណីយដ្ឋាន ទេសចរណ៍គំរូ លើកទី១។

* ដំណាក់កាលទី៣៤ (ខែតុលា)៖ គណៈកម្មការវាយតម្លៃចលនាប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ នឹងជូនដំណឹងអំពីជយលាភីរមណីយដ្ឋានទេសចរណ៍គំរូ ដែលទទួលបានឡាប៊ែលដល់រមណីយដ្ឋានទេសចរណ៍បេក្ខភាព។

* ដំណាក់កាលកាលទី៥ (ខែវិច្ឆិកា-ធ្នូ)៖ ក្រសួងទេសចរណ៍ នឹងរៀបចំប្រគល់រង្វាន់ដល់ជយលាភី ចលនាប្រឡងប្រណាំង រមណីយដ្ឋាន ទេសចរណ៍គំរូ លើកទី១។

សូមជម្រាបថា ចលនាប្រឡងប្រណាំងរមណីយដ្ឋានទេសចរណ៍គំរូ គឺជាផ្នែកមួយនៃចលនាប្រឡងប្រណាំង «រង្វាន់សម្ដេចតេជោនាយករដ្ឋមន្រ្តី សម្រាប់ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍» ដែលត្រូវបានដាក់ឲ្យអនុវត្តឡើង គឺសំដៅបង្កើននូវប្រសិទ្ធភាពក្នុងការអភិវឌ្ឍ និងគ្រប់គ្រងរមណីយដ្ឋានទេសចរណ៍ឲ្យមាននិរន្តរភាព គុណភាព និងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ និងនិវានុវត្តន៍ ក្លាយជាផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញខ្ពស់៕