(បាត់ដំបង)៖ នៅសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រុមអាជីវករលក់ដូរនៅបរិវេណបេនរថយន្ត នៅផ្សារស្តៅ ក្នុងស្រុករតនៈមណ្ឌល លើកគ្នាមកតវ៉ានៅមុខសាលាខេត្ត ដើម្បីសុំអភិបាលខេត្តជួយអន្តរាគមន៍ ដោយបានអះអាងថា អ្នកវិនិយោគផ្សារដំណាក់ស្តៅ រួមមានបេនរថយន្តនៅពីមុខផង កាលពីដើមខែមករា ឆ្នាំ២០១៧ សុំឲ្យពួកគាត់រុះរើតូបចាស់នេះចេញសិន ចាំពេលគេធ្វើហើយ នឹងអនុញ្ញាតិឲ្យចូលលក់វិញ លុះធ្វើចប់សព្វគ្រប់ ក៏មានអ្នកថ្មីជាសាច់ញាតិរបស់អ្នកវិនិយោគផ្សារនោះ ដឹកឥវ៉ាន់ដាក់ចូលលក់វិញ ទើបធ្វើឲ្យពួកគាត់មានការភ្ញាក់ផ្អើល រហូតលើកគ្នាមកប្តឹងអភិបាលស្រុក។ ចំពោះការតវ៉ានេះ មន្រ្តីថ្នាក់ខេត្ត និងស្រុកចុះទៅដោះស្រាយហើយ តែហាក់បីគ្មានប្រសិទ្ធិភាព ដោយសារក្រុមអាជីវករមិនស្តាប់នោះទេ។
បើតាមសម្តីលោកស្រី អន សៀនបូរី ជាអាជីវករចាស់តំណាងឲ្យពួកគាត់ទាំងអស់ ដែលទទួលផលប៉ះពាល់ទាំង៨តូបនោះ បាននិយាយប្រាប់អ្នកសារព័ត៌មានជាច្រើននាក់ថា ពួកគាត់បានលក់ដូរនៅតូប ក្នុងចំណតរថយន្តក្នុងបរិវេណផ្សារដំណាក់ស្តៅនេះ តាំងពីឆ្នាំ១៩៩៦-៩៧មកម្ល៉េះ ទើបតែអ្នកវិនិយោគផ្សារថ្មីនេះ បានមកនិយាយឲ្យពួកគាត់រុះរើ ជាបណ្តោះអាសន្នសិន ដោយសំអាងថា គេជួសជុលកែលម្អរថ្មីសិន ចាំឲ្យចូលលក់វិញ លុះជួសជុលរួចថ្មីហើយ ស្រាប់តែគេលែងឲ្យចូលលក់វិញ ដោយគេអនុញាតិឲ្យអ្នកថ្មី ដែលគេស្គាល់ថា ជាសាច់ញាតិអ្នកវិនិយោគថ្មី ដឹកឥវ៉ាន់ដាក់លក់ និងក៏ជាមន្រ្តីសាលាស្រុករតនៈមណ្ឌលផងដែរ។
លោកស្រីបានអះអាងទៀតថា ប្រពន្ធ និងកូនម្ចាស់ផ្សារ និងចំណតបេនរថយន្តនេះ បាននិយាយដាក់ពួកគាត់ថា គេអនុញ្ញាតិឲ្យតែអ្នកមានលុយទេ អ្នកគ្មានលុយ គឺមិនឲ្យចូលលក់ឡើយ ដោយអនុវត្តខុសពីសៀវភៅបន្ទុក របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទៀត។
ក្នុងជំនួបជាមួយអាជីវករទាំងអស់ នៅក្រៅរបងមុខសាលាខេត្ត លោក ឆាយ ម៉ាទីណាល់ នាយករងរដ្ឋបាលសាលាខេត្ត បានបញ្ជាក់ថា កាលពីព្រឹកមិញ លោកបានចុះទៅជាមួយមន្រ្តីមន្ទីរពាក់ព័ន្ធមួយចំនួន ទៅដោះស្រាយជាមួយក្រុមការងារអស់ហើយ បើសិនជាមានអ្នកចូលមកលក់វិញមែន លោកធានានឹងចាត់ការដោះស្រាយជូននៅថ្ងៃស្អែក។
លោក សើ សាម៉េត អភិបាលស្រុករតនៈមណ្ឌល បានបញ្ជាក់តាមទូរស័ព្ទនៅល្ងាចថ្ងៃ១២ ខែកក្កដា ឆ្នាំ២០១៧នេះថា ចំណតបេរថយន្ត និងផ្សារដំណាក់ស្តៅនេះ ពិតជាបានវិនិយោគឲ្យទៅឈ្មោះ នាក់ សុជាតិ មានរយៈពេល១៥ឆ្នាំពិតប្រាកដមែន តែមានការសម្រេចយល់ព្រមពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត មន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្ត អភិបាលខេត្តនិងមន្រ្តីជំនាញពាក់ព័ន្ធផង។
លោកអភិបាលស្រុកបានបញ្ជាក់ទៀតថា នៅក្នុងបរិវេណចំណតបេនរថយន្តក្នុងផ្សារនេះ បានហាមមិនឲ្យលក់បន្តទៀតទេ ព្រោះដីនេះជាដីរបស់រដ្ឋ និងដោយអនុវត្តតាមសៀវភៅបន្ទុកផង អ្នកដែលបានលក់នោះគឺបានដាក់ដេញថ្លៃឲ្យអ្នកណាហ៊ានថ្លៃខ្ពស់ជាងគឺឲ្យអ្នកនោះចូលលក់បាន តែបានចំនួន៤តូបទេ សម្រាប់ឲ្យលក់គុយទាវក្នុងបេន លើសពីនោះគឺមិនអនុញ្ញាតិឲ្យចូលលក់ឡើយ ដោយទុកសម្រាប់តែធ្វើជាចំណតរថយន្តប៉ុណ្ណោះ៕