(ភ្នំពេញ)៖ ស្រ្តីម្នាក់ដែលបាននិយាយចំហរតាមបណ្តាញសង្គម Facebook ចោទសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រុមគ្រួសារថា ជាអ្នកសម្លាប់ លោក កែម ឡី នោះ នៅវេលាម៉ោងប្រមាណ៦៖២០នាទីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ ត្រូវបានសមត្ថកិច្ចបញ្ជូនត្រឡប់ទៅកាន់នាយកដ្ឋានភេរវកម្ម និងឧក្រិដ្ឋកម្ម ក្រសួងមហាផ្ទៃវិញ ដោយរង់ចាំនៅថ្ងៃស្អែក បញ្ជូនត្រឡប់មកម្តងទៀត ដើម្បីធ្វើការសាកសួរ ឈានទៅដល់ការចាត់វិធានការតាមច្បាប់។
ឧត្តមសេនីយ៍ឯក អ៉ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ បានប្រាប់បណ្តាញសារព័ត៌មាន Fresh News ថា ការចាប់ខ្លួនស្រ្តីរូបនេះ បានធ្វើឡើងនៅចំណុចបេនរថយន្តក្រុង ជិតផ្សារនាគមាសកាលពីព្រឹកមិញ ខណៈជននេះត្រៀមឡើងជិះរថយន្តបម្រុងគេចខ្លួន។
ស្រ្តីរូបនេះមានអត្តសញ្ញាណនៅលើ Facebook ឈ្មោះ ហេង លក្ខិណា (Heng Leakhena) បាននិយាយចោទសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារថាជាអ្នកសម្លាប់លោក កែម ឡី នៅក្នុងពិធីបុណ្យគម្រប់ខួបមួយឆ្នាំរបស់លោក កែម ឡី កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ។
លោកឧត្តមសេនីយ៍ឯក អ៉ី សុខឃី បានឲ្យដឹងថា ស្រ្តីសង្ស័យមានស្រុកកំណើតនៅរាជធានីភ្នំពេញ តែបច្ចុប្បន្នរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងមិនទាន់មានប្តីនោះទេ។
ជាការកត់សម្គាល់ មានមនុស្សច្រើននាក់ហើយ ដែលអ្នកខ្លះកំពុងជាប់ពន្ធនាគារ និងអ្នកខ្លះរត់ចោលស្រុក ព្រោះតែចោទប្រកាន់ថា គណបក្សប្រជាជនកម្ពុជា ឬ សម្តេចតេជោ ជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី ។ ក្នុងនោះមានលោក សម រង្ស៊ី លោក គឹម សុខ និងអ្នកស្រី ថាក់ ឡានី ជាដើម៕