(ភ្នំពេញ)៖ ទេសរដ្ឋមន្រ្ដី លោក ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ បានយល់ព្រម និងឯកភាពគ្នាជាមួយ សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងការលើកទឹកចិត្ត ចំពោះការវិនិយោគសហគ្រាស ធុនតូច និងមធ្យម និងផ្លាស់ប្ដូរផលិតផលកសិកម្ម ដើម្បីឲ្យប្រទេសទាំងពីរកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។
ការឯកភាពលើកិច្ចសហប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែលលោក ប្រាក់ សុខុន បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសមីយ៉ាន់ម៉ា និងជួបពិភាក្សាការងារជាមួយ លោក ធិន ច ប្រធានាធិបតីមីយ៉ាន់ម៉ា នៅថ្ងៃទី១០-១១ ខែកក្កដា ឆ្នាំ២០១៧។
នាឱកាសពិភាក្សាការងារនោះ ភាគីទាំងពីរបានលើកឡើងពីទំនាក់ទំនង ដែលមានជាយូរអង្វែងមកហើយ រវាងប្រទេសកម្ពុជា និងមីយ៉ាន់ម៉ា
តាំងពីសម័យអរិយធម៌បុរាណខ្មែរ-មន ហើយក៏បានកត់សំគាល់ពីការរីកចំរើននាពេលថ្មីៗនេះ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលស្តែងចេញតាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ទៅវិញទៅមក របស់គណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ក្នុងជំនួបរវាងរដ្ឋមន្រ្តីការបរទេសទាំងពីរ ភាគីទាំងពីរបានពិភាក្សា និងឯកភាពគ្នា នៅគោលការណ៍មួយចំនួនដូចជា៖
* រៀបចំចុះអនុស្សារណៈយោគយល់គ្នាស្តីពី ការពិគ្រោះយោបល់នយោបាយ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសន្ទនា រវាងប្រទេសទាំងពីរ ក្នុងការសម្របសម្រួលបញ្ហាទ្វេភាគី តំបន់ និងពិភពលោក។
* រៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះទ្វេភាគីលើកទី២ នៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យ ដែលជាប្រយោជន៍រួមរបស់កម្ពុជា និងមីយ៉ាន់ម៉ា ។
* ជំរុញទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ តាមរយៈការលើកទឹកចិត្តការវិនិយោគសហគ្រាស ធុនតូច និងមធ្យម និងការផ្លាស់ប្តូរផលិតផលកសិកម្មជាដើម។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្ដី ប្រាក់ សុខុន បានថ្លែងអំណរគុណដល់ភាគី មីយ៉ាន់ម៉ា ដែលបានប្រគេនអាហារូបករណ៍រៀងរាល់ឆ្នាំដល់ព្រះសង្ឃកម្ពុជា និមន្តទៅសិក្សាថ្នាក់បរិញ្ញាប័ត្រ ផ្នែកទ្រឹស្តីព្រះពុទ្ធសាសនា នៅប្រទេសមីយ៉ាន់ម៉ា។ ឆ្លៀតក្នុងឱកាសនោះទេសរដ្ឋមន្ដ្រីបានគូសបញ្ជាក់ ពីការគាំទ្ររបស់កម្ពុជា ចំពោះដំណើរការស្វែងរកសន្ដិភាព ការបង្រួបបង្រួមជាតិ និងការដោះសា្រយបញ្ហា នៅរដ្ឋរ៉ាខាញរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា។
ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហា ដែលកំពុងកើតមាននៅក្នុងតំបន់ និងអន្តរជាតិ ដូចជាវិបត្តិនៅឧបទ្វីបកូរ៉េ និងបញ្ហាភេរវកម្ម និងបានឯកភាពគាំទ្រគ្នាទៅវិញទៅមក នៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ចំពោះបញ្ហាដែលមានប្រយោជន៍ និងកង្វល់រួម។ ការពិភាក្សានេះ បានប្រព្រឹត្តទៅក្នុងស្មារតីដោយត្រង់ទៅត្រង់មក និងស្ថិតនៅក្នុងបរិយាកាសស្និទ្ធស្នាល និងមិត្តភាព៕