(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ អញ្ជើញសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៃអគារសិក្សាភាសាចិន របស់វិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជាប្រចាំនៅក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ។
ពិធីនេះ ក៏មានការចូលរួមពី នាយទាហាន ពលទាហានរបស់ក្រសួងការពារជាតិ បញ្ជាការដ្ឋានកងពលតូចលេខ៧០ បញ្ជាការដ្ឋានកងពលតូចពិសេសឆ័ត្រយោង៩១១ មន្ទីរពេទ្យព្រះកេតុមាលា កងរាជអាវុធហត្ថលើផ្ទៃប្រទេសសរុប៣០០នាក់។
លោកឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករងនៃអគ្គនាយកដ្ឋានយោធសេវា និងជានាយក នៃនាយកដ្ឋានកិច្ចការយោធាស៊ីវិល បានបញ្ជាក់ថា ដើម្បីបង្កលក្ខណៈ និងផ្តល់ឱកាសកាន់តែប្រសើរជូនដល់នាយទាហាន ពលទាហានដែលកំពុងបម្រើការងារ នៅក្នុងក្រសួងការពារជាតិ ក្នុងការសិក្សាភាសាចិន ទើបនាយកដ្ឋានកិច្ចការយោធាស៊ីវិល បានជ្រើសរើសយកវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ធ្វើជាដៃគូយ៉ាងល្អប្រសើរក្នុងការបង្រៀនភាសាចិននេះ ចាប់ពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ថ្នាក់រៀនភាសាចិននេះ ត្រូវបានចាប់ដំណើរការដោយមានសិក្ខាកាមសិក្សាចំនួន៤៧រូប។
លោកបណ្ឌិត ជា មុនីឫទ្ធិ នាយកវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា បានឲ្យដឹងថា នេះជាថ្នាក់រៀនភាសាចិនទី៦ នៅក្នុងក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយជាថ្នាក់រៀនទី៥ សម្រាប់កងយោធពលខេមរភូមិន្ទ។
ជាមួយគ្នានោះ នាយឧត្តមសេនីយ៍ ជៀង អំ បានលើកឡើងពីទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំង២ (កម្ពុជា-ចិន) ដែលមានតាំងពីបុរាណកាលមក ហើយក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពង្រឹង និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរក្លាយជាទំនាក់ទំនងជាយុទ្ធសាស្ត្រ និងគ្រប់ជ្រុងជ្រោយ។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ បានកោតសរសើរចំពោះថ្នាក់ដឹកនាំវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ដែលបានពង្រឹង និងពង្រីកវិសាលភាពការងាររបស់ខ្លួន កាន់តែទូលំទូលាយ និងល្អប្រសើរនៅក្នុងប្រទេសកម្ពុជា ហើយបានបញ្ជាក់ថា ការគាំទ្ររបស់ក្រសួងការពារជាតិចំពោះវិទ្យាស្ថានខុងជឺ ក្នុងការបង្កើតថ្នាក់រៀននេះក្នុងគោលបំណងសំខាន់ចំនួន៤។
គោលបំណងនោះរូមមាន ទី១៖ពង្រឹង និងពង្រីកចំណងទាក់ទងជាមិត្តភាពរវាងប្រទេសទាំងពីរ និយាយរួមរវាងក្រសួងការពារជាតិ និងសេនានុព័ន្ធយោធាចិននិយាយដោយឡែក, ទី២៖បង្ខិតថ្នាក់រៀនមកដល់ទីកន្លែង, ទី៣៖បង្កើនការចែករំលែក និងការយល់ដឹងពីភាសា វប្បធម៌ និងប្រវត្តិសាស្រ្តរបស់ចិន បន្ថែមលើការសិក្សាជំនាញបច្ចេកទេសយោធា និងទី៤៖ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនគុណភាព និងបរិមាណរបស់សិក្ខាកាម ដែលជានាយទាហាន និងពលទាហានទៅបន្តការសិក្សានៅប្រទេសចិន៕