(ភ្នំពេញ)៖ យ៉ាងហោចណាស់កម្ពុជា មានក្រុមហ៊ុនចំនួន៣០ ដែលកំពុងវិនិយោគនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលភាគច្រើនវិនិយោគលើវិស័យសេវាកម្ម និងធនាគារ ខណៈដែលប្រទេសមីយ៉ាន់ម៉ា ក៏មានក្រុមហ៊ុនសេវាកម្មកម្មទេសចរណ៍ និងធុរកិច្ចចំនួន០៣ កំពុងដំណើរការនៅកម្ពុជាផងដែរ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីដំណើរទស្សនកិច្ចរបស់លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នៅប្រទេសមីយ៉ាន់ម៉ា ដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែកក្កដានេះ។
ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសមីយ៉ាន់ម៉ា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ ១១ ខែកក្កដាកន្លងទៅនេះ លោក ប្រាប់ សុខុន បានជួបពិភាក្សាការងារជាមួយ លោក ធិន ច ប្រធានាធិបតីមីយ៉ាន់ម៉ា ដោយបានស្នើរដ្ឋាភិបាលមីយ៉ាន់ម៉ា ឲ្យពន្លឿនការចរចាលើកិច្ចព្រមព្រៀង ស្ដីពីការជៀសវាងការយកពន្ធត្រួតគ្នា និងពិនិត្យលទ្ធភាពចុះកិច្ចព្រមព្រៀង ស្ដីពីការជំរុញ និងការការពារវិនិយោគ។
ក្នុងជំនួបនោះប្រទេសទាំងពីរ បានជំរុញកិច្ចសហប្រតិបត្តិការ ផ្នែកទេសចរណ៍ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន តាមរយៈការអនុវត្តកិច្ចព្រមព្រៀង និងផែនការសកម្មភាព ទេសចរណ៍ រវាងប្រទេសទាំងពីរ ការរៀបចំដំណើរទេសចរណ៍ជាកញ្ចប់ (សៀមរាប-បាហ្គាន) និងសកម្មភាពផ្សព្វផ្សាយ ទេសចរណ៍ផ្សេងៗ ព្រមទាំងសហការគ្នារិះរក សក្តានុពលភាពបន្ថែមទៀត ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍។
លើសពីនេះ ភាគីទាំង២បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ដោយធ្វើការផ្លាស់ប្តូរបទពិសោធន៍លើមុខជំនាញសិល្បៈ របាំប្រពៃណី តម្បាញ និងម្ហូបអាហារ ជាដើមរួមទាំងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចសិក្សារបស់យុវជន និងសិស្ស-និស្សិត ស្របតាមស្មារតីនៃកិច្ចព្រមព្រៀង ស្ដីពីកិច្ចសហប្រតិបត្តិការ វិស័យអប់រំសម្រាប់ឆ្នាំ២០១៧ ដល់ ២០២១ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៧៕