(ភ្នំពេញ)៖ រយៈកាលកន្លងមក គេសង្កេតឃើញសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបករណីជួញដូរ និងចែកចាយគ្រឿងញៀន គ្មានសំចៃដៃជាបន្តបន្ទាប់ និងធ្លាប់បានពលីជីវិតនាយអាវុធហត្ថ ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបមេក្លោងពួកវាផងដែរ។
ទោះជាត្រូវប្រឈមមុខនឹងការលះបង់ជីវិតយ៉ាងក្តី ក៏គេសង្កេតឃើញសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅតែបន្តសកម្មភាពស្រាវជ្រាវ និងបង្ក្រាបពួកជួញដូរ និងចែកចាយគ្រឿងញៀនទាំងនោះ ដោយមិនរាថយជាបន្តបន្ទាប់ ដូចភ្លៀងរលឹមឥតមានដាច់។ ជាក់ស្តែងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ អាវុធហត្ថរាជធានីភ្នំពេញ បើកប្រតិបត្តិការបង្ក្រាបក្រុមជួញដូរគ្រឿងញៀនមួយទៀត ដោយឃាត់ខ្លួនមនុស្សបាន៦នាក់ និងដកហូតថ្នាំញៀនបានចំនួន១.៣គីឡូក្រាម។
ដំបូងឡើយនៅវេលាម៉ោង១១៖០០នាទី កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌទួលគោក សហការជាមួយ កម្លាំងជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន បានចុះឃាត់ខ្លួនជនសង្ស័យ០២នាក់ នៅចំណុចលើផ្លូវរថភ្លើង និងបន្ទប់ជួលគ្មានលេខ ស្ថិតក្នុងភូមិ១៦ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ដោយដកហូតថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាបានចំនួន១៩កញ្ចប់ និងថ្នាំញៀនប្រភេទគ្រាប់WY ចំនួន១៧គ្រាប់ និង១០ចំហៀង។ ជនសង្ស័យទាំង០២នាក់ ដែលឃាត់ខ្លួនមានឈ្មោះ នៅ មុំ ភេទស្រី អាយុ៤៩ឆ្នាំ និងឈ្មោះ ប៊ិន ប៉ោង ភេទប្រុស អាយុ៥៦ឆ្នាំ។
ដោយឡែកនៅវេលាម៉ោង១១៖៤០នាទីថ្ងៃដដែល កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ សហការជាមួយការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវបង្ក្រាបក្រុមជួញដូរគ្រឿងញៀនមួយក្រុមផ្សេងទៀត នៅបន្ទប់ជួល ភូមិជ្រោយបាសាក់១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ឃាត់ខ្លួនបានជនសង្ស័យ២នាក់ ឈ្មោះ លាង ហេងតាយ ភេទប្រុស អាយុ៣១ឆ្នាំ និងឈ្មោះ លី លីន ភេទស្រី អាយុ២០ឆ្នាំ ព្រមទាំងដកហូតថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា បានចំនួន១៨កញ្ចប់ ទម្ងន់១.៣១គីឡូក្រាម។
បន្ទាប់មកជនសង្ស័យទាំង២នាក់នេះ បានចង្អុលបង្ហាញសមាសភាព ក្រុមជួញដូរគ្រឿងញៀនមួយក្រុមទៀត នៅផ្ទះជួលគ្មានលេខ ក្រុម៣៧ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌច្បារអំពៅ និងកម្លាំងការិយាល័យស្រាវជ្រាវ បទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញចុះ បង្រ្កាបនៅវេលាម៉ោង០១៖៥០នាទី ឃាត់ខ្លួនបានជនសង្ស័យ២នាក់ទៀត ឈ្មោះ ង្វៀង យ៉ាំងតេវ ភេទប្រុស អាយុ៤៩ឆ្នាំ និងឈ្មោះ ផាម ធីហៀង ភេទស្រី អាយុ៣៥ឆ្នាំ ដកហូតថ្នាំញៀនប្រភេទក្រាមពណ៌សថ្លា បានចំនួន០៨កញ្ច, ថ្នាំញៀនប្រភេទម្ស៉ៅស ចំនួន០២កញ្ចប់ និងថ្នាំញៀនប្រភេទគ្រាប់ពណ៌ឈាមជ្រូក ពណ៌ប្រផេះ ពណ៌ខៀវ ចំនួន៣៦គ្រាប់។
តាមចម្លើយសារភាពរបស់ ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងតេវ បានបញ្ជាក់ថា កន្លងមករូបគេធ្លាប់ជាប់គុកព្រៃស ម្តងរួចមកហើយក្នុងឆ្នាំ២០០៩ ពីបទចែកចាយគ្រឿងញៀន ហើយចេញមកវិញក្នុងឆ្នាំ២០១០។ ចំណែកថ្នាំញៀន ដែលសមត្ថកិច្ចអាវុធហត្ថឆែកឃើញក្នុងផ្ទះខ្លួននៅពេលនេះ គឺខ្លួនទទួលបានតាមរយៈឈ្មោះ តើយ ដែលកំពុងអនុវត្តទោស(ជាប់គុក) ក្នុងពន្ធនាគារព្រៃស ជាអ្នកទូរស័ព្ទប្រាប់ឲ្យខ្លួនទទួលពីបុរសម្នាក់ ដើម្បីចាត់ចែងបន្ត រីឯបុរសនោះខ្លួនមិនស្គាល់អត្តសញ្ញាណទេ ដោយខ្លួនចាំតែទទួលបញ្ជាតាមទូរស័ព្ទពីឈ្មោះតើយ ដែលកំពុងនៅក្នុងគុកតែប៉ុណ្ណោះ។
បច្ចុប្បន្នជនសង្ស័យទាំងអស់នេះ ត្រូវបានកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕