(ពោធិ៍សាត់)៖ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ លោក សេរី កុសល ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ អាជ្ញាធរជាតិគ្រប់គ្រងសកម្មភាពមីន និងសង្រ្គោះជនពិការដោយសារមីន បានជួបសំណេះសំណាលជាមួយបុគ្គលិកអង្គការហេឡូត្រាស់ ដែលកំពុងប្រតិបត្តិការនៅឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
លោក ផេង ផាន្នី ប្រធានប្រតិបត្តិការបោសសំអាតចំការមីន ប្រចាំឃុំអន្លង់រាប បានជម្រាបជូនប្រតិភូថា ចំការមីននៅក្នុងឃុំអន្លង់រាប មានចំនួន៦៣,៤៩២ម៉ែត្រការេ ត្រូវបានកម្លាំងហេឡូត្រាស់ ប្រតិបត្តិការបោសសំអាតចំការមីនទាំងនោះគឺចាប់តាំង១១ ខែមិនា រហូតមកដល់សប្តាហ៍ទី២ ខែកក្កដា ឆ្នាំ២០១៧ បោសសំអាតចំការមីនបាន១៩,១៦២ម៉ែត្រការេ ត្រូវបានប្រគល់ជូនប្រជាពលរដ្ឋ១៣គ្រួសារ និងនៅសល់ជាង៤៧,០៤៥ម៉ែត្រការេទៀត កំពុងអនុវត្តបន្ត និងឈានទៅបញ្ចប់នៅខែតុលា ឆ្នាំ២០១៧ខាងមុខនេះ ដោយប្រើប្រាស់កម្លាំងចំនួន៤២នាក់ ក្នុងនោះស្ត្រី១៦នាក់។
លោក សេរី កុសល បានថ្លែងការកោតសរសើរដល់មន្ត្រីរបស់អង្គការហេឡូត្រាស់ ដែលកំពុងប្រតិបត្តិការលើចំការមីននៅក្នុងឃុំអន្លង់រាប ខិតខំបំពេញភារកិច្ចមនុស្សធម៌ ជូនប្រជាពលរដ្ឋ និងសង្គមជាតិ។ កិច្ចការបោសសំអាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមតាមខ្សែបន្ទាត់ព្រំដែន ក៏ដូចនៅក្នុងតំបន់ ប្រជាពលរដ្ឋរស់នៅ គឺជាសកម្មភាពមនុស្ស របស់រាជរដ្ឋាភិបាលក្នុងការ ធានាសុវត្ថិភាព និងរួមចំណែកដល់ការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម កាត់បន្ថយភាពក្រីក្រ។
លោកទេសរដ្ឋមន្រ្តី បានបន្តថា ជាការពិតណាស់ថាប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសារាចរលេខ០២ ស.រចុះថ្ងៃទី២ ខែមិនា ឆ្នាំ២០១៦ ស្តីពីការបោសសំអាតមីន និងសំណល់ជាតិផ្ទុះតាមខ្សែបន្ទាត់ព្រំដែន បានផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ បានដាំដុះប៉ុន្តែការបោសសំអាតនេះមិនទាន់មិនទាន់ មានការឯកភាពគ្នាក្នុងការបោះបង្គោលខ្សែបន្ទាត់ព្រំដែន។ តែទោះជាយ៉ាងនេះក៏ដោយ កម្លាំងប្រតិបត្តិការរបស់ហេឡូត្រាស់ ពុំមានបញ្ហាចោទនោះទេ កត្តាដែលសំខាន់សូមក្មួយៗទាំងអស់បន្តការខិតខំប្រឹងប្រែង ប្រុងប្រយត្ន័ជាប្រចាំនៅពេលចុះបេសកកម្មបោសសំអាតមីន និងសំណល់ជាតិផ្ទុះត្រូវតែអនុវត្តទៅតាមបច្ចេកទេស និងទៅតាមកិច្ចចង្អុលការរបស់ថ្នាក់ដឹកនាំ ទើបគ្មានការគ្រោះថ្នាក់ដល់អាយុជីវិត។
លោកទេសរដ្ឋមន្ត្រី បានសំណូមពរដល់បុគ្គលិករបស់អង្គការហេឡូត្រាស់ទាំងអស់ បង្កើនការប្រុងប្រយ័ត្នអំពីបញ្ហាសុខភាព ព្រោះថានៅទីនេះ គឺជាតំបន់ព្រៃភ្នំសម្បូរសត្វមានពិស និងជារដូវវស្សាភ្លៀងធ្លាក់រាល់ថ្ងៃ ងាយនឹងប្រឈមជំងឺផ្សេងៗ ហើយក្នុងខណៈនោះដែរ លោកក៏បានចែកជូនវត្ថុ កំដរដៃទាំង៤២នាក់ ក្នុងម្នាក់ៗថវិកា២ម៉ឺនរៀលផងដែរ៕