(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ មន្រ្តីនាយកដ្ឋានជនបរទេសអន្តោប្រវេសន៍ ជាអ្នកវិនិយោគឯកជន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ សហការជាមួយក្រសួងការងារ បានចុះធ្វើត្រួតពិនិត្យអធិការកិច្ចលើ «មជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សា» ស្ថិតនៅតាមផ្លូវមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដើម្បីមើលឯកសារ ពាក់ព័ន្ធរបស់ពលករបរទេស ជាជនជាតិចិនជាង២០០នាក់ ដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនមួយនេះ។
ក្នុងដំណើរប្រតិបត្តិការនេះ តំណាងក្រុមហ៊ុនបានសហការជាមួយមន្ត្រីជំនាញ ដោយបង្ហាញឯកសារពាក់ព័ន្ធជាច្រើន ជូនសមត្ថកិច្ចដើម្បីធ្វើការត្រួតពិនិត្យ តាមផ្លូវច្បាប់ផងដែរ ដោយគ្មានការលាក់លៀមនោះទេ។
លោកឧត្តមសេនីយ៍ទោ កែម សារិន ប្រធាននាយកដ្ឋាន ដែលបានដឹកនាំក្រុមការងារ បានស្នើទៅតំណាងក្រុមហ៊ុន បញ្ជាក់មកអគ្គអន្តោប្រវេសន៍ ពីការផ្លាស់ប្តូរពលករបរទេស ដែលខាងក្រុមហ៊ុនធ្វើការផ្លាស់ប្តូរចេញចូលនោះ។ លោកឧត្តមសេនីយ៍ក៏បានស្នើឲ្យក្រុមហ៊ុន កុំយកពលករបរទេសណាដែលគ្មានលក្ខណៈគ្រប់គ្រាន់ តាមច្បាប់ការងាររបស់ប្រទេសកម្ពុជា ដូចជា គ្មានលិខិតឆ្លងដែន គ្មានសៀវភៅការងារ ជាដើម។
លោកឧត្តមសេនីយ៍បញ្ជាក់ទៀតថា «ការចុះធ្វើអធិការកិច្ចពេលនេះ ចំនួន២១៩នាក់ សុទ្ធតែជាជនជាតិចិន និងបានបំពេញឯកសារគ្រប់គ្រាន់ ស្របតាមច្បាប់ របស់ប្រទេសកម្ពុជាផងដែរ»។
លោកឧត្តមសេនីយ៍ទោ កែម សារិន បានឲ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៧នេះ កម្លាំងរបស់លោកបានចុះអធិការបានជាង៣០០០គោលដៅហើយ។ ជាមួយគ្នានេះ លោកអំពាវនាវដល់អ្នកវិនិយោគ មុននឹងយកបុគ្គលិកបរទេសមកធ្វើការ សូមមកធ្វើបែបបទបំពេញច្បាប់ជាមុនសិន។ បើតាមលោកវរសេនីយ៍ឯក លី ជាបលឹម បានបញ្ជាក់ថា ការចុះធ្វើអធិការកិច្ចទៅលើបណ្តាក្រុមហ៊ុន ដែលមានពលករបរទេសធ្វើការនេះ អគ្គអន្តោប្រវេសន៍ធ្វើជាប្រចាំ ក្រោមការណែនាំផ្ទាល់ពីនាយឧត្តមសេនីយ៍សត្តិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
លោកឧត្តមសេនីយ៍ទោ កែម សារិន បានឲ្យដឹងថា «ក្នុងរយៈពេល៦ខែ ឆ្នាំ២០១៧នេះ កម្ពុជាទទួលបានចំណូលប្រមាណ ៤.៨០០.០០០ដុល្លារ ពីការធ្វើប័ណ្ណធ្វើការងារ ឲ្យពលករបរទេសប្រមាណ៤៨ ០០០នាក់ ដែលកំពុងបម្រើការងារនៅក្នុងប្រទេសកម្ពុជា»។
លោកឧត្តមសេនីយ៍ទោ កែម សារិន បានថ្លែងថា កន្លងមកការចុះធ្វើអធិការកិច្ចតាមបណ្ដា សហគ្រាសមួយចំនួននៅកម្ពុជា ដែលបានជួលកម្មករបរទេសមកបម្រើការងារ គឺមានភាពលំបាក ដោយកម្មករបរទេសភាគច្រើន ក៏ដូចជានិយោជិក មិនគោរពតាមនីតិវិធី ដោយមានការគេចវេសពីការធ្វើប័ណ្ណការងារ គឺនៅឆ្នាំ២០១៣ ២០១៤ និង២០១៥ រកឃើញអត់មានប័ណ្ណការងារច្រើន។
លោកឧត្តមសេនីយ៍ទោ បានបន្តថា «ប៉ុន្តែដល់យើងធ្វើការផាកពិន័យ ក៏ដូចជាតម្រូវឲ្យគាត់ គោរពច្បាប់កន្លងមកនេះ គឺរហូតមកដល់ឆ្នាំ២០១៧នេះ គឺយើងឃើញថា ពលករបរទេស ក៏ដូចជា ក្រុមហ៊ុន សហគ្រាសទាំងអស់ មានការយល់ដឹង និងគោរពច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ដោយក្រុមហ៊ុននីមួយៗ បានបំពេញឲ្យកម្មករបរទេស នៅក្នុងក្រុមហ៊ុនរបស់ខ្លួន បានបំពេញកាតព្វកិច្ច គឺបង់ថវិកាជូនរដ្ឋ ទៅលើប័ណ្ណការងារ និងសៀវភៅការងារ»។
លោកបានបញ្ជាក់ថា ក្រោយការរឹតបន្តឹង កម្មករបរទេសមកធ្វើប័ណ្ណការងារ មានសន្ទុះខ្លាំង ដោយឆ្នាំ២០១៣-២០១៤ មានតែ៤ ទៅ៥ពាន់នាក់ ប៉ុន្តែក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០១៧នេះ គឺមានពលករបរទេស មកធ្វើប័ណ្ណការងារប្រមាណ ៤៨ ០០០នាក់ ដោយក្នុងមួយឆ្នាំ ក្នុងម្នាក់ៗតម្រូវឲ្យបង់ ប្រាក់ចំនួន១០០ដុល្លារ៕