(ភ្នំពេញ)៖ ក្នុងនាមជាយុវជនកម្ពុជាមួយរូបលោក ហ៊ុន ម៉ានី បានថ្លែងស្នើឲ្យគណបក្សប្រឆាំងនៅកម្ពុជា ជាពិសេសសំដៅដល់គណបក្សសង្រ្គោះជាតិ ឲ្យចេះចូលរួមអមអរសាទរជាមួយសមិទ្ធផលធំៗរបស់ជាតិដូចជា ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកជាដើមនោះ ព្រោះការអបអរសាទរនេះវាមិនប៉ះពាល់ដល់សន្លឹកឆ្នោតនោះឡើយ។
ការថ្លែងចង់ឃើញគណបក្សប្រឆាំងចេះអបអរសាទរចំពោះសមិទ្ធផលធំៗដែលជាមោទនភាពជាតិ ពីសំណាក់លោក ហ៊ុន ម៉ានី ដែលជាអ្នកតំណាងរាស្រ្តវ័យក្មេងមកពីគណបក្សប្រជាជនកម្ពុជារូបនេះ បានធ្វើឡើងក្នុងសម័យប្រជុំពេញអង្គរដ្ឋសភាលើកទី០៨ នៅថ្ងៃចន្ទ ទី១០ ខែកក្កដា ដើមសប្តាហ៍នេះ។
ការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកកាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧នេះ ត្រូវបានប្រជាពលរដ្ឋខ្មែរ ចាត់ទុកជាមោទនភាពមួយដ៏ធំធេង ហើយបាននាំគ្នាសម្តែងការអបអរសាទរយ៉ាងកងរំពងផងដែរ។ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានណែនាំឲ្យមានការទូងស្គ គោះពោត គោះត្រដោកនៅគ្រប់ក្រសួង មន្ទីរ ស្ថាប័ន នានា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីសម្តែងការអបអរសាទរ និងបង្ហាញពីមោទនភាពរបស់ជាតិខ្មែរ។
គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច ក៏បានចេញមកសម្តែងការអបអរសាទរចំពោះមោទនភាពជាតិផងដែរ។ តែជាការកត់សម្គាល់គេមិនបានឃើញគណបក្សនយោបាយក្រៅរដ្ឋាភិបាល រួមទាំងគណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងធំជាងគេនៅកម្ពុជា បង្ហាញលិខិតចូលរួមអបអរសាទរនូវលទ្ធផលជាមោទនភាពរបស់ជាតិមួយនេះនោះឡើយ។
លោក ហ៊ុន ម៉ានី បានសម្តែងការសោកស្តាយចំពោះកាយវិការមិនចូលរួមសាទរនូវអ្វីជាមោទនភាពជាតិពីសំណាក់គណបក្សប្រឆាំង ហើយក៏ចង់ឲ្យពួកគេកែប្រែទម្លាប់មួយនេះផងដែរ។
លោក ហ៊ុន ម៉ានី បានថ្លែងបញ្ជាក់យ៉ាងដូច្នេះ «រឿងអ្វីដែលជាមោទនភាពជាតិ គួរតែចូលរួមអបអរសាទរទៅដូចជាប្រាសាទសំបូរព្រៃគុក អីនេះ រឿងណាដែលដូចជាគណៈកម្មការទេសចរណ៍ពិភពលោកគាត់ទទួលស្គាល់ថា អង្គរវត្តគឺជាគោលដៅទេសចរណ៍ទី១សឹងតែរាល់ឆ្នាំ។ ពេលខ្លះគិតឲ្យវិជ្ជមានចូលរួមអបអរសាទរខ្លះទៅ វាអត់មានប៉ះពាល់ដល់សន្លឹកឆ្នោតទេ ចូលរួមទាំងអស់គ្នាទៅលើកតម្កើងប្រទេសជាតិតើ»។
គណបក្សប្រឆាំង គឺគេកម្រឃើញចេញមកបង្ហាញការសាទរចំពោះអ្វីដែលជាមោទនភាពរបស់ជាតិនោះឡើយ ដូចជាការប្រកួតដណ្តើមបានមេដាយ កម្រិតពិភពលោករបស់កីឡាករ កីឡាការិនីរបស់កម្ពុជាជាដើម។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានរិះគន់ចំពោះការមិនចេះចូលរួមអបអរនូវអ្វីដែលជាមោទនភាពជាតិពីសំណាក់គណបក្សប្រឆាំងនេះផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការមិនចូលរួមអបអរសាទរពីគណបក្សប្រឆាំងនេះ ក៏ព្រោះតែបក្សប្រឆាំងបារម្ភខ្លាចការសាទរ របស់ពួកគេជាការលើកមុខលើកមាត់របស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល។
លោក ហ៊ុន ម៉ានី នៅក្នុងកិច្ចប្រជុំរដ្ឋសភានៅសប្តាហ៍នេះ ក៏បានថ្លែងរិះគន់ដល់មេដឹកនាំគណបក្សសង្រ្គោះជាតិផងដែរ ដែលព្យាយាមធ្វើ រឿងរ៉ាវមួយចំនួនឲ្យអាប់ឱនដល់កិត្យានុភាពរបស់ជាតិ និងប៉ះពាល់ផលប្រយោជន៍ជាតិជាដើម ដូចជាការលើកឡើងថា កម្ពុជាគ្មានបង្គន់ បន្ទោបង់ និងស្នើឲ្យសហគមន៍អឺរ៉ុប ពិចារណាលើការនាំចូលផលិតផលសម្លៀកបំពាក់ពីប្រទេសកម្ពុជាជាដើមនោះ៕