(ភ្នំពេញ)៖ បុរសម្នាក់បានដើរផឹកស៊ីស្រវឹងធ្លាក់ភ្នែក ខឹងឪពុកស្ដីឲ្យបន្តិចបន្តួច ក៏បានទាញយកកៅអី និងដំបងឈើវាយទៅលើឪពុក បណ្ដាលឲ្យបែកក្បាល ពេលឃើញបែបនេះ ស្រ្តីជាម្ដាយបានចូលទៅឃាត់ ក៏ត្រូវបានកូនប្រុសរូបនោះ វាយបណ្ដាលឲ្យរងរបួសពកក្បាលទៀត។
ហេតុការណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ នៅក្នុងភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ប៉ុន្តែកូនប្រុសតិរច្ឆានរូបនោះ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ចុះទៅធ្វើការចាប់ខ្លួនភ្លាមៗ។
បុរសជាឪពុកឈ្មោះ ឡ សៀម អាយុ៦៥ឆ្នាំ រងរបួសបែកក្បាល និងម្ដាយឈ្មោះ ភូ គឹមអៀ អាយុ៦០ឆ្នាំ រងរបួងពកក្បាល។ ពួកគាត់ស្នាក់នៅក្នុងផ្ទះល្វែង នៅក្នុងកន្លែងកើតហេតុខាងលើ មានស្រុកកំណើត នៅក្នុងភូមិត្រពាំងក្ដារ ឃុំស្រែជាខាងត្បូង ស្រុកដងទុង ខេត្តកំពត។
ចំណែកកូនប្រុសតិរច្ឆាន ដែលជាជនដៃដល់វាយឪពុក-ម្ដាយនោះឈ្មោះ ឡ ហាប់ អាយុ៣០ឆ្នាំ អតីតជាអ្នកបើកបររថយន្តឲ្យជនជាតិចិន ប៉ុន្តែក្រោយមកឈប់ទៅវិញ ដោយសារតែការផឹកស្រវឹង និងសង្ស័យញៀនថ្នាំផងដែរ។
មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនដៃដល់ខាងលើនោះ បានដើរផឹកស៊ីរហូតដល់ស្រវឹងធ្លាក់ភ្នែកទើបចូលផ្ទះខណៈនោះបុរសជាឪពុក បានស្ដីប្រដៅបន្តិចបន្តួច ធ្វើឲ្យជននោះខឹង បានស្រែកឡូឡារ ដោយសារខ្មាសអ្នកស្រុក និងទ្រាំលែងបាន បុរសជាឪពុកបានយកដុំឈើគប់ ទៅលើកូនប្រុសម្នាក់នេះ។
ភ្លាមៗនោះ កូនប្រុសតិរច្ឆានខាងលើ ក៏បានទាញយកកៅអី និងដំបងឈើ វាយទៅលើឪពុកបណ្ដាលឲ្យបែកក្បាល ហើយពេលឃើញបែបនេះស្រ្តីជាម្ដាយបានចូលទៅឃាត់ ក៏ត្រូវបានកូនប្រុសរូប នោះវាយបណ្ដាលឲ្យរងរបួសពកក្បាលដែរ បន្ទាប់មកកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ បានចុះទៅធ្វើការចាប់ខ្លួនជននោះភ្លាមៗដែរ ប៉ុន្តែអត់ទាន់ដឹងថា ចាត់ការបែបណានៅឡើយទេ៕