Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ស្រ្តីដែលចោទសម្តេចតេជោ ហ៊ុន សែន ថាជាអ្នកសម្លាប់លោក កែម ឡី ត្រូវបាន​បញ្ជូនដល់តុលាការ ដើម្បីចុះលេខសំណុំរឿង ស្អែកនឹងបន្តសាកសួរ

12-07-2017 17:14

(ភ្នំពេញ)៖ ស្រ្តីម្នាក់ដែលបាននិយាយចំហរតាមបណ្តាញសង្គម Facebook ចោទសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រុមគ្រួសារថា ជាអ្នកសម្លាប់ លោក កែម ឡី នោះត្រូវបានបញ្ជូនទៅដល់តុលានៅម៉ោងជិត៥៖០០នាទីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ ដើម្បីចុះសំណុំ នឹងបន្តការសាកសួរនៅថ្ងៃស្អែក។

សូមជម្រាបថា ស្រ្តីម្នាក់​នេះ​ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនមកសួរនាំ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោយនិយាយចោទប្រកាន់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងក្រុមគ្រួសារថាជាអ្នកសម្លាប់ លោក កែម ឡី។

ស្រ្តីដែលស្គាល់អត្តសញ្ញាណនៅលើ Facebook ឈ្មោះ ហេង លក្ខិណា (Heng Leakhena) បាននិយាយចោទសម្តេចតេជោ ហ៊ុន សែន និងក្រុមគ្រួសារថាជាអ្នកសម្លាប់លោក កែម ឡី នៅក្នុងពិធីបុណ្យគម្រប់ខួបមួយឆ្នាំរបស់លោក កែម ឡី កាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៧កន្លងទៅនេះ។

ឧត្តមសេនីយ៍ឯក អ៊ី សុខឃី ប្រធាននាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃក្រសួងមហាផ្ទៃ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃនេះថា ស្រ្តីរូបនេះត្រូវបានឃាត់ខ្លួននៅរាជធានីភ្នំពេញ។

ជា​ការ​កត់សម្គាល់​ មាន​មនុស្ស​ច្រើន​នាក់​ហើយ​ ដែល​អ្នក​ខ្លះ​កំពុង​ជាប់​ពន្ធនាគារ​ និង​អ្នក​ខ្លះ​រត់​ចោល​ស្រុក​ ព្រោះ​តែ​ចោទ​ប្រកាន់​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ឬ​ សម្តេច​តេជោ​ ជា​អ្នក​សម្លាប់​លោក​បណ្ឌិត​កែម​ ឡី​ ។​ ក្នុង​នោះ​មាន​លោក​ សម​ រង្ស៊ី​ លោក​ គឹម​ សុខ​ និង​ អ្នក​ស្រី​ ថាក់​ ឡានី​ ជា​ដើម​៕