(រតនគិរី)៖ លោក សយ សូណា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តរតនគិរី បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ថានៅលើទីតាំងផ្ទៃដីជាង ៦,០០០ហិកតា ដែលក្រុមហ៊ុន ដួង ស្រួច គ្រុប ទទួលបានសិទ្ធិធ្វើអាជីវកម្មកាត់ប្រមូលផល អនុផលព្រៃឈើនោះ គឺមិនមានដើមឈើសំរាប់ឲ្យក្រុមហ៊ុនធ្វើអាជីវកម្មប្រមូលផលនោះទេ។
លោក សយ សូណា បានថ្លែងប្រាប់ការិយាល័យនិពន្ធព័ត៌មាន Fresh News នៅវេលាម៉ោងជាង៣រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះថា នៅលើទីតាំងដីនោះមិនមានដើមឈើ ត្រូវប្រមូលផលនោះទេ។ តាមពិតដីសង្គមកិច្ចជាង ៦,០០០ហិកតានោះ បច្ចុប្បន្នភាគច្រើនត្រូវបានគ្រប់គ្រង ដោយប្រជាពលរដ្ឋធ្វើចំការដាំកៅស៊ូពីមុនមក ហើយក្រោយមកទៀតអាជ្ញាធរខេត្ត ក៏បានបែងចែកជូនប្រជាពលរដ្ឋស្ទើតែអស់ទៅហើយ។
ដូច្នេះបើក្រុមហ៊ុន ដួង ស្រួច បានច្បាប់ធ្វើអាជីវកម្ម អាជ្ញាធរខេត្តបានឲ្យក្រុមហ៊ុនបង្ហាញផែនទី ទីតាំងដីនោះមក ខេត្តនឹងអោយមន្ត្រីចុះទៅពិនិត្យមើល តើនៅមានដីដែល ឬអត់?។ លោក សយ សូណា បានបន្ថែមថា ជាគោលការណ៏អាជ្ញាធរខេត្តរតនគិរី នឹងមិនអនុញ្ញាតច្បាប់អោយ ក្រុមហ៊ុន ដួង ស្រួច ចូលធ្វើអាជីវកម្មនោះទេ ព្រោះវាគ្មានដើមឈើ ហើយអភិបាលខេត្តនឹងចេញលិខិតបដិសេធនៅពេលខាងមុខនេះហើយ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៧កន្លងទៅនេះ ក្រុមហ៊ុន ដួង ស្រួច គ្រុប បានធ្វើលិខិតមួយច្បាប់ ជំរាបជូនទៅសាលាខេត្ត រតនគិរីដើម្បីអោយចូលរួមសហការណ៍ កំណត់ព្រំដីសម្បទានសង្គមកិច្ចមានទំហំ៦ ១៣១,០៧៩៣ ហិកតា មានទីតាំងនៅក្នុង ស្រុកលំផាត់ និងស្រុកបរកែវ។ ក្នុងនោះក្រុមហ៊ុនបានសំអាងថា ខ្លួនទទួលបានការអនុញ្ញាត ពីក្រសួងកសិកម្ម តាមរយៈលិខិតលេខ៣២៥១ កសក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៧ និងលិខិតលេខ៣៧៩១ ក.ស.ក ចុះថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ តម្រូវអោយក្រុមហ៊ុន ដួង ស្រួច ធ្វើអាជីវកម្មកាត់ប្រមូលផលអនុផលព្រៃឈើ ដែលមាននៅក្នុងគម្រោងសម្បទានដីសង្គមកិច្ច ដែលមានទំហំជាង ៦,០០០ហិកតា ខាងលើនេះ។
ក្រោយធ្លាយលិខិតខាងលើចេញមក មានមន្ត្រីមួយចំនួនដែលដឹងរឿងបានសូមអោយ Fresh News ជួយផ្សាយដើម្បីបានជ្រាបដំណឹង ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជួយទប់ស្កាត់គម្រោងការខាងលើនេះ ព្រោះមន្ត្រីទាំងអស់នោះយល់ថា នៅក្នុងដីសម្បទានសង្គមកិច្ចទាំងជាង ៦,០០០ហិកតានោះ មិនមានព្រៃឈើ ត្រូវអនុញ្ញាតអោយក្រុមហ៊ុនធ្វើអាជីវកម្មនោះឡើយ គឺមានតែក្រោយពីបានច្បាប់ហើយ ក្រុមហ៊ុនទៅកាប់ឈើពីកន្លែងផ្សេងៗ ដូចជានៅដែនជម្រក សត្វព្រៃលំផាត់ និងកាប់ឈើនៅក្នុងសហគមន៏នានាយកមកធ្វើអាជីវកម្មតែប៉ុណ្ណោះ។
ឥឡូវជាលទ្ធផលដឹងហើយ ដូចអ្វីដែលមន្ត្រីមួយចំនួនមានការព្រួយបារម្ភមែន គឺនៅក្នុងដីសម្បទានសង្គមកិច្ច ជាង៦០០០ហិកតានោះ គ្មានព្រៃឈើត្រូវអោយក្រុមហ៊ុនកាត់ធ្វើអាជីវកម្មនោះទេ មិនតែប៉ុណ្ណោះ ដីទាំងអស់នោះក៏ត្រូវបានគ្រប់គ្រង ដោយប្រជាពលរដ្ឋធ្វើស្រែចំការអស់ទៅហើយ។ នេះសំណាងហើយ បើរឿងអាស្រូវនេះ មិនត្រូវបានទម្លាយចេញមកខាងក្រៅទេ ក្រោយក្រុមហ៊ុននេះបានច្បាប់ពេញលេញ ច្បាស់ជាកើតជម្លោះ ប្ដឹងផ្ដល់ កាប់ចាក់គ្នាជាមិនខានរវាងក្រុមហ៊ុន និងប្រជាពលរដ្ឋជាអ្នកគ្រប់គ្រងដីដោយផ្ទាល់៕