(ភ្នំពេញ)៖ មន្រ្តីរបស់ CNRP បានថ្លែងឱ្យដឹងថា លោក កឹម សុខា ប្រធានគណបក្សសង្រ្គោះជាតិ បានចាកចេញពីកម្ពុជាទៅកាន់ប្រទេសថៃ នៅម៉ោងជាង១០៖០០ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ ខណៈដែលមន្រ្តីជាន់ខ្ពស់មួយចំនួនទៀតរបស់គណបក្សប្រឆាំង នឹងបន្តចាកចេញពីប្រទេសថៃ ទៅកាន់ប្រទេសផ្សេងៗក្នុងនោះ ក៏មានសហរដ្ឋអាមេរិកដែរ។
មន្រ្តីរបស់ CNRP បានឱ្យដឹងទៀតថា ការចាកចេញរបស់ លោក កឹម សុខា ទៅកាន់ប្រទេសថៃ មានរយៈពេល៣ថ្ងៃ ហើយលោក នឹងត្រឡប់មកវិញ នៅយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧។ ចំណែកមន្រ្តីជាន់ខ្ពស់ CNRP ដទៃទៀត មិនទាន់ច្បាស់នៅឡើយទេ។
ការចាកចេញទៅក្រៅប្រទេសរបស់ថ្នាក់ដឹកនាំកំពូលរបស់ គណបក្សសង្រ្គោះជាតិ នៅថ្ងៃនេះ បានធ្វើឡើងដោយស្ងៀមស្ងាត់ នាគ្រាដែលសំណើវិសោធនកម្មច្បាប់ ស្តីពីគណបក្សនយោបាយ ដែលធ្វើឡើងដោយប្រញ៉ាប់បំផុតនោះ បានចូលដល់ព្រឹទ្ធសភា។ សំណើវិសោធនកម្មច្បាប់នេះ ត្រូវបានគេជឿថា នឹងធ្វើឱ្យគណបក្សប្រឆាំង មិនអាចកេងចំណេញនយោបាយពីទណ្ឌិត ឬអ្នកទោសតទៅទៀត។
ទោះជាយ៉ាងណា លោក យ៉ែម បុញ្ញឫទ្ធិ និង លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សសង្រ្គោះជាតិ មិនអាចទំនាក់ទំនងសុំការបញ្ជាក់បន្ថែម បានឡើយជុំវិញករណី លោក កឹម សុខា និង មន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទៅក្រៅប្រទេសលើកនេះ ដោយពួកគាត់ មានម្នាក់មិនលើកទូរស័ព្ទ និងម្នាក់ទៀតបានបិទទូរស័ព្ទ៕