(ភ្នំពេញ)៖ ក្រោយពីតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួនក្មេងស្ទាវពីរនាក់ ដែលស្ថិតនៅក្នុងករណីក្រុមក្មេងស្ទាវជិត១០នាក់ ​ជិះរថយន្តដេញវាយបុរសម្នាក់ បែកក្បាល នៅចំណុចមុខធនាគារអេស៊ីលីដា ផ្លូវសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ក៏ដូចជាដីកាបង្គាប់ឲ្យចាប់ខ្លួនខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅខណ្ឌដូនពេញ ភ្លាមៗនៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ ចេញមកអះអាងថា «ការមិនមាន ព័ត៌មានអំពីចំណាត់ការរបស់ស្ថាប័នតុលាការលើរឿងណាមួយ គឺមិនមានន័យថាតុលាការមិនមានចំណាត់ការក្នុងរឿងនោះទេ»។

លោក គឹម សន្តិភាព បានបញ្ជាក់បន្ថែមថា «តុលាការត្រូវអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួនដោយឯករាជ្យ និងទៅតាមនីតិវិធីដែលមានចែងក្នុងច្បាប់ជាធរមាន។ ហេតុដូចនេះ សូមសាធារណៈជនមេត្តាយោគយល់ ព្រោះចំណាត់ការមួយចំនួនមិនអាចផ្សព្វផ្សាយជាសាធារណៈបាននោះទេ!»

សូមជំរាបថា ករណីដែលទទួលការចាប់អារម្មណ៍ខ្លាំងពីប្រជាពលរដ្ឋរួមមាន​ ករណីខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅក្នុងខណ្ឌដូនពេញ កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧ និងករណីមួយទៀត ក្រុមក្មេងស្ទាវជិត១០នាក់ ​ជិះរថយន្តដេញវាយបុរសម្នាក់បែកក្បាល នៅចំណុចមុខធនាគារអេស៊ីលីដា ផ្លូវសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ករណីទាំងនេះត្រូវបានតុលាការចេញដីការួចហើយ ដើម្បីបង្គាប់ឲ្យសមត្ថកិច្ចចាប់ខ្លួនជនបង្កមកផ្តន្ទាទោសតាមច្បាប់។

សូមបញ្ជាក់ថា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញដីកាបញ្ជាឲ្យឈ្មោះ ទូច បូភាព ដែលខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅក្នុងខណ្ឌដូនពេញ ចូលទៅបង្ហាញខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឲ្យបានមុនថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧។

យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង សៀង សុខ បានបញ្ជាក់ថា ឈ្មោះ ទូច បូភាព អាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះលេខ១០០Eo ផ្លូវ២១៤ ក្រុមទី៧២ ភូមិទី១១ សង្កាត់វាលវង់ ខណ្ឌ៧មករា ចូលទៅសាកសួរបំភ្លឺលើករណី «កាន់កាប់អាវុធដោយគ្មាន ការអនុញ្ញាតិ (ផ្ទះអាវុធជាច្រើនគ្រាប់ដោយអនាធិបតេយ្យ តាមផ្លូវសាធារណៈ) នៅចំណុចបណ្ដោយផ្លូវលេខ២៤២ ភូមិទី៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១០៖៣០នាទី យប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧»

ចំណែកចៅក្រមស៊ើបសួរ លោក សេង រិទ្ធី បានសម្រេចចេញដីកា ឲ្យចាប់ខ្លួនក្មេងស្ទាវពីរនាក់ ដែលស្ថិតនៅក្នុងករណីក្រុមក្មេងស្ទាវជិត១០នាក់ ​ជិះរថយន្តដេញវាយបុរសម្នាក់បែកក្បាល នៅចំណុចមុខធនាគារអេស៊ីលីដា ផ្លូវសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រូវបានតុលាការសម្រេចចេញដីកាចាប់ខ្លួន នាំមកកាន់សាលាដំបូងរាជធានីភ្នំពេញ មុនថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។

តុលាការបានសម្រេចចេញដីកាឲ្យចាប់ខ្លួនក្មេងស្ទាវ២នាក់នោះ រួមមានទី១៖ ឈ្មោះ កៅ គឹមហុង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី២៖ អ៊ុង កញ្ញារិទ្ធ ហៅលុច ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុន រស់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ អ្នកទាំងពីរនាក់ត្រូវបានដាក់ក្រោមការពិនិត្យពីបទ៖ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទធ្វើឲ្យខូចខាត ដោយចេតនាមាន ស្ថានទម្ងន់ទោស និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តិនៅចំណុចមុខធនាគារអេស៊ីលីដា ផ្លូវសហព័ន្ធរុស្ស៊ី ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា២១៨ មាត្រា៤១១ និងមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ»