(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះ រឿងក្តី លោក គឹម សុខ អ្នកឃ្លាំមើលបញ្ហាសង្គម និងនយោបាយ នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ខាងមុខនេះ ពាក់ព័ន្ធការចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី។ នេះបើតាមការបញ្ជាក់របស់លោក ជូង ជូងី មេធាវីការពារក្ដី លោក គឹម សុខ ប្រាប់ Fresh News នៅរសៀលថ្ងៃទី១២ ខែកក្កដានេះ ។
សវនាការនេះដឹកនាំដោយ លោក គី ឫទ្ធី អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងមាន លោក សៀង សុខ ជាតំណាងអយ្យការ ។
លោក គឹម សុខ ត្រូវបានតុលាការបញ្ជូនទៅឃុំខ្លួន ក្នុងពន្ធនាគារព្រៃស កាលពីរសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោយពេលសាកសួរ តាមបណ្តឹងមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចំពោះការចោទ គណបក្សប្រជាជនកម្ពុជាថា ជាអ្នកសម្លាប់លោកបណ្ឌិតកែម ឡី ។
លោក គឹម សុខ ត្រូវបានព្រះរាជអាជ្ញារង សៀង សុខ ចោទប្រកាន់ចំនួនពីរបទល្មើស គឺ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្នលោក គឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយសម្តេចតេជោដូចគ្នា គឺ ពាក់ព័ន្ធការដែលលោកបានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ៕