(ព្រះវិហារ)៖ មន្ត្រីសុខាភិបាលខេត្តព្រះវិហារ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះបិទគ្លីនិកមួយកន្លែង ដែលគ្មានច្បាប់អនុញ្ញាតិ ត្រឹមត្រូវ និងគ្មានជំនាញច្បាស់លាស់ ដោយឲ្យបិទបញ្ឈប់សកម្មភាពចាប់ពីថ្ងៃនេះតទៅ។ ការចុះបិទគ្លីនិកមួយនេះបានធ្វើឡើង នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ ស្ថិតនៅភូមិត្បែង ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
មន្ត្រីសុខាភិបាលខេត្តព្រះវិហារបានថ្លែងថា ការចុះបិទកន្លែងព្យាបាលគ្មានច្បាប់អនុញ្ញាតិនេះ ដឹកនាំដោយលោកវេជ្ជបណ្ឌិត យុន សោភ័ណ្ឌតារា ប្រធានការិយាលយ័បច្ចេកទេស នៃមន្ទីរសុខាភិបាលខេត្ត លោកឱសថការី គង់ សាកល ប្រធានការិយាល័យឱសថ ចំណីអាហារ និងគ្រឿងសំអាង ព្រមទាំងមានការចូលរួមពីអាជ្ញាធរ សមត្ថកិច្ច អនុប្រធានមណ្ឌលសុខភាពចំរើនមួយចំនួនទៀតផងដែរ។
លោក យុន សោភ័ណ្ឌតា បានបន្តថា «បន្ទាប់ពីចុះត្រួតពិនិត្យ ក្រុមការងាររបស់យើងបានរកឃើញឧបករណ៍ និងសម្ភារប្រើប្រាស់ មួយចំនួន ដោយមានអ្នកជំងឺ ជាច្រើននាក់កំពុងសម្រាកព្យាបាលនៅទីនោះផងដែរ ហើយក្រុមការងារ បានហៅគ្រូពេទ្យដែលបើកគ្លីនិក គ្មានច្បាប់ទំលាប់នេះ ធ្វើកិច្ចសន្យាជាលាយលាក់ អក្សរហើយត្រូវបញ្ឈប់ចាប់ពីថ្ងៃនេះតទៅ»។
គ្រូពេទ្យដែលបើកគ្លីនិកគ្មានច្បាប់ទំលាប់នេះមានឈ្មោះ ហ៊ឹម សាប៊ុន ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរគ្រូពេទ្យមធ្យម (ពេទ្យយោធា) តែបានចូលនិវត្ត ហើយពាក់ពន្ធ័នឹងករណីចុះបិទកន្លែងព្យាបាលជំងឺគ្មានច្បាប់អនុញ្ញាតិនេះ មន្ត្រីសុខាភិបាលមួយរូបបាននិយាយថា ទោះជាមិនទាន់មានគ្រោះថ្នាក់ ដល់ប្រជាពលរដ្ឋណាក៏ដោយ បើតាមច្បាប់យើងមិនអនុញ្ញាតឲ្យទេ ព្រោះករណីនេះតែងមានកើតជារឿយៗ ដល់មានបញ្ហារត់បាត់មិនទទួលខុសត្រូវ ហើយការតំរូវឲ្យធ្វើច្បាប់នេះ គឺក្នុងគោលបំណងចង់ដឹងកម្រិតចំណេះដឹងរបស់គ្រូពេទ្យ មុនទៅដំណើរការអាជីវកម្មតែប៉ុណ្ណោះ។
លោក យុន សោភ័ណ្ឌតារា បានធ្វើការផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ មុនសម្រេចចិត្តជ្រើសរើសសេវាពិនិត្យសុខភាពណាមួយ ត្រូវមានការពិនិត្យ ឲ្យបានត្រឹមត្រូវចៀសសវាងនាំឲ្យគ្រោះថ្នាក់ដល់ជីវិត និងខាតបង់ថវិកាផងដែរ៕