(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំកំពូលហុងកុង និងអាស៊ីបូព៌ាស្តីពីពាណិជ្ជកម្មសេរី និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ដែលធ្វើឡើងនៅទីក្រុងហុង នៅចំពោះមុខអ្នកវិនិយោគជាច្រើនរូប លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តដល់អ្នកវិនិយោគទាំងអស់នោះ មកបណ្តាក់ទុនរកស៊ីនៅកម្ពុជា ព្រោះកម្ពុជាមានលក្ខខណ្ឌអំណោយផល និងអនុគ្រោះជាច្រើន។
លោក ប៉ាន សូរស័ក្តិ បានលើកបង្ហាញដល់អ្នកវិនិយោគទាំងអស់នោះថា ប្រទេសកម្ពុជារក្សាបានកំណើនសេដ្ឋកិច្ច ពោលផលិតផល ក្នុងស្រុកសរុប (GDP) ក្នុងរង្វង់ ៧ភាគរយ រយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ។ ការរីកចម្រើនសេដ្ឋកិច្ចនេះ បណ្តាលមកពី ប្រទេសកម្ពុជាមានសន្តិភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច។
លើសពីនេះទៀត ប្រទេសកម្ពុជា បើកចំហរទីផ្សារសេដ្ឋកិច្ច និងយកចិត្តទុកដាក់អ្នកវិនិយោគស្មើៗគ្នាមិនរើសអើង ដែលកត្តាទាំងនេះ សុទ្ធតែជាអំណោយផលដ៏ធំសម្រាប់ ការវិនិយោគនៅកម្ពុជា។ នេះជាការបញ្ជាក់បន្ថែមរបស់លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ។
សូមបញ្ជាក់ថា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា បានដឹកនាំគណៈប្រតិភូ កម្ពុជាចូលរួមធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចប្រជុំកំពូលរវាងហុងកុង និង អាស៊ីបូព៌ាស្តីពីពាណិជ្ជកម្មសេរី និងសហប្រតិបត្តិការក្នុងតំបន់នៅ នៅទីក្រុងហុងកុង ប្រទេសចិន ដែលធ្វើឡើងនាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ម្សិលមិញនេះ។
កិច្ចប្រជុំកំពូលនេះ មានការចូលរួមដោយរដ្ឋមន្រ្តីសេដ្ឋកិច្ចមកពីបណ្តាប្រទេសសមាជិកអាស៊ាន អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិនមន្រ្តីជាន់ខ្ពស់ មកពីរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង អគ្គកុងស៊ុលមកពីបណ្តាប្រទេសអាស៊ានប្រចាំនៅទីក្រុងហុងកុង សមាជិកសភា ពាណិជ្ជកម្មចិនហុងកុង អ្នកសិក្សាស្រាវ និងក្រុមហ៊ុនវិនិយោគនៅហុងកុង ចំនួនប្រហែលជាង ២០០នាក់។
កិច្ចប្រជុំកំពូលនេះ រៀបចំដោយសភាពាណិជ្ជកម្មចិនហុងកុង សហការជាមួយក្រុមប្រឹក្សាចិនសម្រាប់ជំរុញ ពាណិជ្ជកម្ម អន្តរជាតិ និងរដ្ឋាភិបាល នៃតំបន់រដ្ឋបាលពិសេសហុងកុងក្នុងគោលបំណងស្វែងរក ការអភិវឌ្ឍសេដ្ឋកិច្ចសកលថ្មីៗ ចេញពីទស្សនៈម៉ាក្រូ និងផ្នត់គំនិតថ្មីៗ ជាពិសេសបញ្ហាប្រឈម និងផលប៉ះពាល់ដែលគំនិតផ្តួមផ្តើម «ខ្សែក្រវ៉ាត់ និងវិថី» និងសហគមន៍សេដ្ឋកិច្ចអាស៊ាន នឹងនាំមកនូវការជំរុញពាណិជ្ជកម្មសេរី និងការអភិវឌ្ឍរួមគ្នាក្នុងតំបន់ ដើម្បីយល់ដឹងជាមូលដ្ឋានក្នុងការស្វែងរកឱកាសធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍទីផ្សារក្នុងតំបន់អាស៊ីបូព៌ា ។
ថ្លែងក្នុងកិច្ចប្រជុំនោះ លោក ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា អាស៊ានទទួលស្គាល់ពីសារៈសំខាន់ក្នុងការចរចារ ពាណិជ្ជកម្មសេរីអាស៊ាន បូកប្រាំមួយ (ASEAN+6) ដែលជាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (Regional Comprehensive Economic Partnership-RCEP) ចាប់ផ្តើមតាំងពីឆ្នាំ២០១២ ដែលជាលទ្ធផលនៃកិច្ចប្រជុំ កំពូលអាស៊ានលើកទី២១ នៅភ្នំរាជធានីភ្នំពេញ ព្រះរាជា ណាចក្រកម្ពុជា។ RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (Free Trade Agreement-FTA) ដ៏ធំមួយ ដែលមានរដ្ឋជាសមាជិក អាស៊ានទាំងដប់ និងដៃគូពាណិជ្ជកម្មយុទ្ធសាស្រ្ត៦ ទៀត ដែលក្នុងនោះមានប្រទេសសេដ្ឋកិច្ចធំៗចំនួន ៣ នៅអាស៊ីបូព៌ារួមមានចិន ជប៉ុននិងកូរ៉េ និងប្រទេសចំនួនបីទៀតរួមមាន អូស្ត្រាលី ណូវែលហ្សឺឡង់ និងឥណ្ឌា។ បច្ចុប្បន្ន RCEP កំពុងត្រូវបានចរចា ហើយរំពឹងថានឹងបញ្ចប់នៅចុងឆ្នាំនេះ ឬ ដើមឆ្នាំក្រោយ។
លោករដ្ឋមន្រ្តី បានរំលឹកដែរថា សហគមន៍សេដ្ឋកិច្ចអាស៊ាន (ASEAN Economic Community-AEC) បានបង្កើតឡើងនៅ ចុងឆ្នាំ២០១៥ គឺជាផ្នែកដ៏សំខាន់មួយនៃសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ដែលមានសារៈសំខាន់ក្នុងការបង្កើតតំបន់ ពាណិជ្ជកម្មសេរីជាមួយដៃគូយុទ្ធសាស្ត្រដទៃទៀត ជាពិសេសប្រទេសនៅក្នុងតំបន់អាស៊ីបូព៌ា។ ផែនការយុទ្ធសាស្ដ្រ AECឆ្នាំ២០២៥ ឆ្ពោះទៅរកមហិច្ឆតាដើម្បីផ្លាស់ប្តូរ អាស៊ាន ទៅជា (១) សេដ្ឋកិច្ចដែលមានសមាហរណកម្មខ្ពស់ និងស្អិតរមួត, (២) អាស៊ានដែលមានលក្ខណៈប្រកួតប្រជែង ភាពច្នៃប្រឌិត និងថាមវន្ត, (៣) បង្កើនការតភ្ជាប់ និងកិច្ចសហប្រតិបត្តិការ តាមវិស័យ, (៤) អាស៊ានមួយដែលមានភាពរឹងមាំ, បរិយាបន្ន, ការយកចិត្តទុកដាក់លើប្រជាជន និងការយកប្រជាជនជាស្នូល និង (៥) អាស៊ានជាសកល៕