(ភ្នំពេញ)៖ យោងតាមដីការបស់តុលាការដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះឲ្យ ដឹងថា ចៅក្រមស៊ើបសួរបានសម្រេចចេញដីកា ឲ្យចាប់ខ្លួនក្មេងស្ទាវពីរនាក់ ដែលស្ថិតនៅក្នុងករណីក្រុមក្មេងស្ទាវជិត១០នាក់ ជិះរថយន្តដេញវាយបុរសម្នាក់បែកក្បាល នៅចំណុចមុខធនាគារអេស៊ីលីដា ផ្លូវសហព័ន្ធរុស្ស៊ី កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រូវបានតុលាការសម្រេចចេញដីកាចាប់ខ្លួន នាំមកកាន់សាលាដំបូងរាជធានីភ្នំពេញ មុនថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៧។
តុលាការបានសម្រេចចេញដីកាឲ្យចាប់ខ្លួនក្មេងស្ទាវ២នាក់នោះ រួមមានទី១៖ ឈ្មោះ កៅ គឹមហុង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ និងទី២៖ អ៊ុង កញ្ញារិទ្ធ ហៅលុច ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាបុគ្គលិកក្រុមហ៊ុន រស់នៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
អ្នកទាំងពីរនាក់ត្រូវបានដាក់ក្រោមការពិនិត្យពីបទ៖ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បទធ្វើឲ្យខូចខាត ដោយចេតនាមានស្ថានទម្ងន់ទោស និងបទកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តិនៅចំណុចមុខធនាគារអេស៊ីលីដា ផ្លូវសហព័ន្ធរុស្ស៊ី ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមមាត្រា២១៨ មាត្រា៤១១ និងមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ»។
សូមជំរាបថា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅ ជនរងគ្រោះឈ្មោះ ខែម ប៊ុនឃីម ភេទប្រុស ៣២ឆ្នាំ បានជិះរថយន្តព្រុស ពាក់ស្លាកលេខ៖ 2AF. 4737 បានសម្រេចដាក់ពាក្យបណ្តឹង ប្តឹងមនុស្សប្រហែល១០នាក់ ដែលបានជិះរថយន្ត៤គ្រឿង, ដោយក្នុងនោះមានរថយន្តមួយគ្រឿង ពាក់ស្លាកលេខ៖ ភ្នំពេញ 2AL.7397 មានកាំភ្លើងខ្លី២ដើម (អត់ស្គាល់ម៉ាក) និងរថយន្តមួយគ្រឿងទៀតពាក់ស្លាកលេខ 2AP. 9090 នៅចំណុចមុខធនាគារអេស៊ីលីដា ផ្លូវសហព័ន្ធរុស្ស៊ី ភូមិប៉ប្រកខាងជើង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះលោក ខែម ប៊ុនឃីម ធ្លាប់បានបញ្ជាក់នៅក្នុងពាក្យបណ្តឹងយ៉ាងដូច្នេះថា «សំណើសុំប្តឹងជនសង្ស័យមានគ្នាប្រហែល១០នាក់ ភេទប្រុស ជិះរថយន្តបួនគ្រឿង មានមួយគ្រឿង ម៉ាកកាមរីបាឡែន ពណ៌ស ស៊េរី២០០៣ ពាក់ស្លាក់លេខ 2AL.7397 ភ្នំពេញ មានអាវុធខ្លីពីរដើមអត់ស្គាល់ម៉ាក បានធ្វើសកម្មភាពវ៉ែមកលើខ្ញុំ របួសធ្ងន់ធ្ងរ និងខូចរថយន្តកាលពីម៉ោង ២៣៖០០នាទី ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦»៕