(ភ្នំពេញ)៖ ជនសង្ស័យ២នាក់ ដែលជាមុខសញ្ញាឆក់កាបូបយ៉ាងសកម្ម ត្រូវបានកម្លាំងនគរបាលប្របួចបានម្នាក់ និងម៉ូតូមួយគ្រឿង ចំណែកជនសង្ស័យ ម្នាក់ទៀត ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌ ដែលកំពុងការពារក្បួនប្រតិភូតាមគោលដៅដងផ្លូវចាប់បាន។
ជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាពឆក់កាបូបពីនារីរងគ្រោះ២នាក់ បានសម្រេចបណ្តាលឲ្យដួល ត្រូវបានប្រជាពលរដ្ឋស្រែកឲ្យជួយ នៅវេលាម៉ោង១១៖១៥នាទី ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧ តាមផ្លូវសហព័ន្ធរុស្សី រហូតដល់មុខសលារៀនពោធិ៍ចិនតុង ទើបកម្លាំងប្រដេញ ជិះបំបុកផ្តួលព័ទ្ធចាប់បានភ្លាមៗតែម្តង។
ជនសង្ស័យម្នាក់ដែលត្រូវបាននគរបាលចាប់ខ្លួនបានឈ្មោះ អៀ មករា ហៅយ៉ា អាយុ១៨ឆ្នាំ មានទីលំនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ជាអ្នកបើកបរម៉ូតូ ម៉ាកសេ១១០ សេរី២០១២ ប៊ិច ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BM-8761 ជាមធ្យបាយធ្វើសកម្មភាពឆក់តាមដងផ្លូវសាធារណៈ។ ចំណែកបក្ខពួកម្នាក់ទៀត ដែលត្រូវបានកម្លាំងអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ចាប់ខ្លួនបានមានឈ្មោះ ប៉ាក់ ម៉ាហាន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនរងគ្រោះមានឈ្មោះ សុន យ៉ា អាយុ៣២ឆ្នាំ មុខរបរកាត់ដេរនៅផ្ទះ រួមដំណើរជាមួយប្អូនស្រីម្នាក់ទៀតឈ្មោះ ស្រី វី អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ។ ជនរងគ្រោះទាំង២នាក់ មានទីលំនៅភូមិច្រេស សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ជិះម៉ូតូមួយគ្រឿង ម៉ាកធូដេ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ1DE-2390។
ស្ត្រីរងគ្រោះបានឲ្យដឹងថា មុនកើតហេតុ គាត់ទាំង២នាក់ ជិះម៉ូតូឌុបគ្នាចេញពីផ្ទះឆ្ពោះ ទៅផ្សារពោធិ៍ចិនតុង ជិះតាមផ្លូវខាងលើដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យទាំង២នាក់ ជិះម៉ូតូ សេ១១០ សេរី២០១២ ប៊ិច មកដល់ទន្ទឹម ហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយពីស្មា បានសម្រេច ហើយព្យាយាមបើកម៉ូតូរត់ គេចតាមផ្លូវសហព័ន្ធរុស្សី ឆ្ពោះទៅកើតស្រែកចោរៗផ្អើល កម្លាំងនគរបាល និងអាវុធហត្ថជាច្រើននាក់ កំពុងការពារក្បួនប្រតិភូ តាមដងផ្លូវស្រាប់ ដេញចាប់បានភ្លាមៗ។
ក្រោយការចាប់ខ្លួនជនសង្ស័យទាំង២នាក់ ត្រូវបានយកទៅសួរនាំនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្តទៀត៕