(តាកែវ)៖ លោក ទេព វណ្ណហេង ដែលជាជនពិការជើងតាំងពីកំណើតម្នាក់ និងដែលមានតំណែងជាអនុប្រធានមន្ទីរ មុខងារសាធារណៈ ខេត្តតាកែវ បច្ចុប្បន្នត្រូវបានថ្នាក់ដឹកនាំខេត្ត និងថ្នាក់ដឹកនាំក្រសួង សម្រេចតែងតាំងជាប្រធានមន្ទីរ ជំនួសលោកប្រធានមន្ទីរចាស់ ដែលត្រូវបានផ្ទេភារកិច្ចឲ្យទៅបំរើការនៅក្រសួង។
ពិធីប្រកាសឲ្យចូលកាន់តំណែងប្រធានមន្ទីរដែលជាជនពិការខាងលើនេះ បានធ្វើឡើងនៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមវត្តមានលោក រស់ សុផាន់ រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ និងលោក យស់ ណាស៊ី អភិបាលរងខេត្តតាកែវ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។
លោក យស់ ណាស៊ី បានថ្លែងថា «ការតែងតាំងនេះ បន្ទាប់ពីការកត់សម្គាល់ឃើញ ការអនុវត្តន៍ការងារកន្លងមករបស់លោក ទេព វណ្ណហេង ក្នុងនាមជាអនុប្រធានមន្ទីរពិតជាមន្រ្តី និងថ្នាក់ដឹកនាំល្អមួយរូប ប្រកបដោយជំនាញវិជ្ជាជីវៈ សីលធម៌ គុណធម៌ និងមនសិកា ដ៏ប្រពៃ កត្តាទាំងអស់នេះហើយទើបរដ្ឋបាលខេត្ត ក្រសួងមុខងាសាធារណៈ ក៏ដូចជា រាជរដ្ឋាភិបាលបានតម្លើងមុខតំណែង ដល់រូបលោកប្រធានថ្មី ដើម្បីឲ្យសមនឹងសមត្ថភាពរបស់លោក ដែលខិតខំប្រឹងប្រែងលះបង់គ្រប់បែបយ៉ាង ដើម្បីប្រយោជន៍រួម របស់ប្រជាពលរដ្ឋក្នុងខេត្ត ដែលជួយសម្រាល់ទុកលំបាករបស់រដ្ឋាភិបាលបានជាច្រើនផងដែរ»។
លោកអភិបាលរងខេត្តតាកែវ បានបន្តថា ការតែងតាំងជនពិការ ឲ្យកាន់តំណែងជាប្រធានមន្ទីរថ្មីនេះ គឺជាភ័ស្តតាងបញ្ជាក់យ៉ាងច្បាស់ ពីការយកចិត្តទុកដាក់របស់ រាជរដ្ឋាភិបាលកម្ពុជា ដែលមានគោលនយោបាយលើកកម្ពស់ជនពិការរូបណា មានសមត្ថភាពឲ្យចូល បម្រើការងារសាធារណៈជូនជាតិមាតុភូមិ ដោយមិនប្រកាន់ការពិការភាព និងលក្ខណៈសម្បត្តិនោះឡើយ ដូច្នេះហើយរដ្ឋបាលខេត្ត ក្រសួងមុខងារសាធារណៈ និងរាជរដ្ឋាភិបាលកម្ពុជាសម្រេចតែងតាំង និងតែងតែគិតគូកម្ពស់ជនពិការជានិច្ច ដោយមិនប្រកាន់ និន្នាការនយោបាយ សាសនា ពូជសាសន៍ឡើយ។
ក្នុងឱកាសនោះលោក រស់ សុផាន់ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងឲ្យលោករដ្ឋមន្រ្តី ពេជ្រ ប៊ុនធិន បានធ្វើការណែនាំ ឲ្យលោកប្រធានមន្ទីរថ្មី ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អប្រសើរ ដែលជាកត្តាគន្លឹះមួយសម្រាប់អនុវត្តន៍ការងារទទួលបាន ប្រសិទ្ធិភាព ជាពិសេសត្រូវពង្រឹង និងពង្រីកយ៉ាងទន់ភ្លន់ តែម៉ឹងម៉ាត់ជាមួយមន្ទីរអង្គភាពជុំវិញខេត្ត ដែលនឹងបង្កលក្ខណៈអំណោយផល ដល់ការអនុវត្តន៍ ការងារប្រកបដោយសុខដុមនីយកម្ម។
លោក ទេព វណ្ណហេង បានថ្លែងអំណគុណចំពោះថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួងជាពិសេសរាជរដ្ឋាភិបាលកម្ពុជាដែលមាន សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃកម្ពុជាបានផ្តល់ឱកាសដល់ជនពិការគ្រប់រូបបញ្ចេញ សមត្ថភាពដោយមិនរើសអើង ពីលក្ខណៈសម្បត្តិ និងកាយសម្បទា របស់ប្រជាពលរដ្ឋណាម្នាក់ឡើយ គឺសំខាន់សមត្ថភាពពិត ចំណេះពិតតែប៉ុណ្ណោះតួយ៉ាដូចជា ខ្លួនលោកផ្ទាល់ដែលសម្រេចតែងតាំងរូបលោក ជាជនពិការម្នាក់ឲ្យកាន់តំណែង ជាប្រធានមន្ទីរមុខងារសាធារណៈខេត្តតាកែវថ្មី។
លោក ទេព វណ្ណហេង បានបញ្ជាក់ថា ការតែងតាំងនេះ គឺបានបង្ហាញការលើកតម្កើងជនពិការដែលមានសមត្ថភាពឲ្យចូលរួម ជាដឹកនាំ ក៏ដូចជាការផ្ដល់សេវាសាធារណៈ ប្រកបដោយគុណភាពស្របទៅ និងបរិបទកំណែទ្រង់ស៊ីជម្រៅរបស់ រាជរដ្ឋាភិបាលជាពិសេសការបន្ត អនុវត្តន៍យុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ របស់រដ្ឋាភិបាលកម្ពុជា៕