(ភ្នំពេញ)៖ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ បានចេញដីកាបញ្ជាឲ្យឈ្មោះ ទូច បូភាព ដែលខ្មាន់កាំភ្លើងបាញ់ជិត១០គ្រាប់ នៅក្នុងខណ្ឌដូនពេញ ចូលទៅបង្ហាញខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឲ្យបានមុនថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧។
យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារង សៀង សុខ ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច បានបញ្ជាក់ថា ឈ្មោះ ទូច បូភាព អាយុ៣៥ឆ្នាំ បច្ចុប្បន្នរស់នៅផ្ទះលេខ១០០Eo ផ្លូវ២១៤ ក្រុមទី៧២ ភូមិទី១១ សង្កាត់វាលវង់ ខណ្ឌ៧មករា ចូលទៅសាកសួរបំភ្លឺលើករណី «កាន់កាប់អាវុធដោយគ្មាន ការអនុញ្ញាតិ (ផ្ទះអាវុធជាច្រើនគ្រាប់ដោយអនាធិបតេយ្យ តាមផ្លូវសាធារណៈ) នៅចំណុចបណ្ដោយផ្លូវលេខ២៤២ ភូមិទី៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១០៖៣០នាទី យប់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧»។
នៅរសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងប្រាប់បណ្ដាញសារព័ត៌មាន Fresh Newsថា សាវតាជាតិរបស់ខ្មាន់កាំភ្លើងត្រូវបានសមត្ថកិច្ចរបស់លោក មានគ្រប់គ្រាន់នៅក្នុងដៃអស់ហើយ និងកំពុងតាមចាប់ខ្លួនជននេះ យកមកផ្តន្ទាទោសតាមផ្លូវច្បាប់ មិនអាចអត់ឱនឲ្យបាននោះឡើយ។
នាយឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងតែខិតខំ យើងមានសាវតាជាតិគ្រប់គ្រាន់ហើយ ប៉ុន្តែការស្រាវជ្រាវរកមនុស្សមិនទាន់ឃើញ។ ដើម្បីឲ្យត្រឹមត្រូវ តាមនីតិវិធី យើងបានកសាងសំណុំរឿងបញ្ជូន ទៅស្ថាប័នតុលាការហើយ ដើម្បីស្នើសុំដីកាបញ្ជាឲ្យចូលខ្លួនព្រោះពេលណាផុតបទល្មើសជាក់ស្តែង យើងមិនអាចស្វែងរកចាប់ខ្លួន ទេបើសិនគ្មានដីកា»។
មន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញមា្នក់ បានប្រាប់បណ្ដាញសារព័ត៌មាន Fresh Newsថា ជនសង្ស័យជាម្ចាស់រថយន្ដដែលបាញ់ប្រហារ ជិត១០គ្រាប់ ឈ្មោះ ទូច បូភាព មានទីលំនៅក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករានោះ ពីមុនជាអតីតមន្ដ្រីនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ផ្នែកមជ្ឈឹម២ បន្ទាប់មកជននេះ បានលាឈប់ពីក្របខ័ណ្ឌនគរបាលជាតិ ទៅបម្រើការងារជាមន្ដ្រីយោធាវិញម្ដង ប៉ុន្ដែមិនដឹងថាបម្រើនៅអង្គភាពណាមួយ។
តាមមន្ដ្រីនគរបាលជាន់ខ្ពស់រាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីកើតករណីនេះភ្លាម នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ បានបញ្ជាឲ្យកម្លាំងនគរបាល ចុះទៅផ្ទះរបស់ជនសង្ស័យ ស្ថិតនៅសង្កាត់វាលវង់ ប៉ុន្ដែពេលទៅដល់ត្រូវបានប្រជាពលរដ្ឋនៅក្បែរខាងបានប្រាប់ថា ជននេះបានដូរទីលំនៅទៅកន្លែងផ្សេងបាត់ហើយ។
យោងតាមកាតគ្រីរថយន្ដបង្កដែលបង្ហាញ ដោយសមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់រថយន្ដឈ្មោះ ទូច បូភាព មានទីលំនៅភូមិលេខ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ យ៉ាងណាក៏ដោយនាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានបន្តទៀតថា កម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បាននិងកំពុងបន្ដធ្វើការស្រាវជ្រាវយកចិត្តទុកដាក់ ស្វែងរកទីលំនៅរបស់ជនបង្កថ្មី ដើម្បីឈានទៅដល់ការចាប់ខ្លួន។
ជាមួយគ្នានេះនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានចេញបទបញ្ជាដ៏តឹងរឹង ដល់កម្លាំងនគរបាលរាជធានីភ្នំពេញ និងកម្លាំងនគរបាល ខេត្តពាក់ព័ន្ធទាំងអស់ តាមចាប់ខ្លួនខ្មាន់កាំភ្លើងដែលបាញ់ជិត១០គ្រាប់ ទាំងកណ្ដាលយប់ស្ថិតនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីយប់មិញ យកមកផ្តន្ទាទោស ឲ្យខានតែបាន មិនឲ្យរួចខ្លួនជាដាច់ខាត។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៧ ស្នូរគ្រាប់កាំភ្លើងជិត១០គ្រាប់ បានបន្លើឡើងនូវចំណុចផ្លូវ២៤២ កែងផ្លូវលេខ៥៥ ទល់មុខក្លឹបកំសាន្ដ៥៥ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ដែលបង្កឡើងដោយខ្មាន់កាំភ្លើងម្នាក់ បើករថយន្ដ Lexus RX330 ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 2A-5981 ដោយមិនដឹងមូលហេតុ រួចបើកគេចខ្លួនដោយសុវត្ថិភាព៕