(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ឆមាសទី១ ឆ្នាំ២០១៧ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបានសរុបបាន ៣,៧០៥ប៊ីលានរៀល ស្មើនឹងប្រមាណ ៩១៥លានដុល្លារអាមេរិក។ បើតាមលោកបណ្ឌិត គុណ ញឹម បានឲ្យថា ចំណូលនេះកើនឡើងប្រមាណ ៣ភាគរយ បើធៀបនឹងឆមាសទី១ ឆ្នាំ២០១៦។
ការប្រកាសរបស់លោកបណ្ឌិត គុណ ញឹម បានធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបការងារគយ និងរដ្ឋាករប្រចាំឆមាសទី១ ឆ្នាំ២០១៧ នាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៃអគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជាផងដែរ។
លោក គុណ ញឹម ក៏បានបញ្ជាក់ដែរថា លទ្ធផលនៃការប្រមូលចំណូលពីពន្ធគយ និងរដ្ឋាករនេះ សម្រេចបានប្រមាណ ៥២នៃផែនការឆ្នាំ ២០១៧ ដែលកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ២០១៧។ ក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ លោកអគ្គនាយកក៏បានលើកឡើងផងដែរនូវសមិទ្ធផលនានារួមមាន លទ្ធផលនៃការអនុវត្តផែនការសកម្មភាពឆ្នាំ២០១៧ របស់អគ្គនាយកដ្ឋាន និងការងារពាក់ព័ន្ធនឹងគយផ្សេងទៀត។
លោកបណ្ឌិតទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវ និងការលះបង់របស់មន្ត្រីគយ និងរដ្ឋាករគ្រប់រូប។ ទន្ទឹមនេះលោក ក៏បានទទួលស្គាល់បញ្ហាប្រឈមនានា ដែលជាកត្តាប៉ះពាល់ដល់ប្រតិបត្តិការប្រមូលចំណូល និងបានលើកទឹកចិត្តឲ្យមន្ត្រីគយ និងរដ្ឋាករត្រូវខិតខំបន្ថែមទៀតសម្រាប់ការងារនាពេលខាងមុខ។
លោកបណ្ឌិតទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានណែនាំសម្រាប់ជាទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០១៧ ដោយសង្កត់ធ្ងន់លើការងារចំនួន ០៦ចំណុចរួមមាន៖
១៖ ការបន្តពង្រឹងអភិបាលកិច្ចល្អក្នុងអង្គភាព និងក្រមសីលធម៌វិជ្ជាជីវៈ ដោយត្រូវប្រកាន់ខ្ជាប់អភិក្រមការងារទាំង ៤ប្រការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
២៖ ចូលរួមឲ្យបានសកម្មក្នុងការងារពិនិត្យនិងកែសម្រួលគោលនយោបាយពន្ធអាករគយឲ្យកាន់តែមានភាពប្រសើរឡើងថែមទៀត ជាពិសេសលើមុខទំនិញគ្រឿងឧបភោគបរិភោគ, គ្រឿងអេឡិចត្រូនិច និងមុខទំនិញផ្សេងទៀត
៣៖ បន្តពង្រឹងនិងកែលម្អយន្តការនៃកិច្ចសម្រួលពាណិជ្ជកម្ម រួមមាន ការងារស្វ័យប្រវត្តិកម្មគយ, ការត្រួតពិនិត្យទំនិញដោយម៉ាស៊ីនស្កែន, ប្រព័ន្ធ e-Customs, និងការជំរុញអនុវត្តប្រព័ន្ធបញ្ជរតែមួយជាតិជាដើម
៤៖ ពង្រឹងសមត្ថភាពស្ថាប័នលើគ្រប់ទិដ្ឋភាព រួមទាំងសមត្ថភាពផ្នែកការអនុវត្តនីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋដែលស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គនាយកដ្ឋាន ជាពិសេសនៅពេលដែល ថវិកាកាន់តែច្រើនត្រូវបានចំណាយលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនិងការបំពាក់មធ្យោបាយការងារគយ
៥៖ ពង្រឹងការងារបច្ចេកទេសគយ ជាពិសេសការងារតម្លៃគិតពន្ធគយឲ្យកាន់តែសមស្រប
៦៖ ការពង្រឹងការងារការបង្ការនិងបង្ក្រាបអំពើរត់គេចពន្ធ ដែលជាការងារគន្លឹះដ៏សំខាន់ក្នុងការជំរុញអនុលោមភាពសារពើពន្ធ ទាំងនៅដើមទី ពាក់កណ្តាលទី និងចុងទី។
ដើម្បីជាការលើកទឹកចិត្តដល់មន្រ្តីគយ និងរដ្ឋាករក្នុងកិច្ចប្រជុំនាព្រឹកមិញនេះ លោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានបំពាក់គ្រឿងឥស្សរិយយស ជូនដល់មន្ត្រីគយ និងរដ្ឋាករមានស្នាដៃមួយចំនួនផងដែរ៕