(កំពង់ស្ពឺ)៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៧នេះ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងដោយលើកឡើងឲ្យផ្តល់កូនឈើ ដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន គ្រាដែលពួកគាត់អញ្ជើញមកពិសារ បាយ កាហ្វេ ឬអាហារផ្សេងៗ នៅក្នុងភោជនីយដ្ឋាននៅទូទាំងខេត្តកំពង់ស្ពឺ ក្នុងបំណងឲ្យម្ចាស់ហាងទាំងនោះ ជួយផ្សព្វផ្សាយអំពីផលប្រយោជន៍ នៃការដាំដើមឈើតាមលំនៅដ្ឋាន ជាពិសេសទៀតធ្វើឲ្យពួកគាត់ងាយរកប្រភពកូនឈើមកដាំផងដែរ ។
ការអំពាវនាវនេះ នៅពេលលោកបានអញ្ជើញចូលពិសារអាហារ និងកាហ្វេ ក្នុងហាងមួយដែលមានផ្តល់កូនឈើដល់រូបលោក នាទីរួមខេត្ត។
លោក វ៉ី សំណាង បានជំរុញឲ្យរដ្ឋបាលព្រៃឈើទូទាំងខេត្ត ត្រូវតែគិតគូរសហការជាមួយបងប្អូនជាម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន និងហាងនានាដែលមានអតិថិជន ចេញចូលទទួលទានច្រើន ដើម្បីផ្តល់កូនឈើដែលរដ្ឋបាលព្រៃឈើ កំពុងបណ្តុះតាមថ្នាលដែលមានស្រាប់មកឲ្យម្ចាស់ហាងទាំងនោះ ដើម្បីបំផុស និងចែកជូនពួកគាត់បានយកទៅដាំនៅគេហដ្ឋាន ក្នុងន័យលំអរលំនៅដ្ឋានផង និងសោភណ្ឌ័ភាព បរិស្ថានរបស់ពួកគាត់ផងដែរ។
លោកអភិបាលខេត្ត បានលើកឡើងដោយប្រដូចថា «នៅក្នុងខេត្តរបស់យើងថា មកដល់ពេលនេះទើបតែមានហាងមួយទេឈ្មោះ ត្រេស្កូកាហ្វេ (Tressco coffee) ដែលបានបំផុសចលនា ដាំឈើដោយពិសារកាហ្វេ ឬហូបបាយម្តងទទួលបានកូនឈើមួយដើមដោយមិនគិតលុយ។ តែអនាគតដើមឈើទាំងអស់រដ្ឋបាលព្រៃឈើ និងដោះស្រាយជូន ហើយឈើត្រូវលាយគ្នាគ្រប់ប្រភេទដែលរដ្ឋបាលព្រៃឈើមាន និងបានប្រគល់ឲ្យដល់ម្ចាស់ហាងនិមួយៗ ដែលមានបំណងចង់អនុវត្តដូចហាងខាងលើ»។
លោកអភិបាលខេត្ត ក៏បានឲ្យគ្រប់ហាងទាំងអស់មេត្តានាំគ្នាចូលរួមបំផុសអំពីផលប្រយោជន៍ចំពោះការដាំឈើ ដល់សមាជិកអ្នកពិសារ ក្នុងហាងនិមួយៗ ឲ្យជ្រួតជ្រាបដើម្បីអ្នកខេត្តកំពង់ស្ពឺយើងទាំងអស់គ្នា៕